(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖

* ទី១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែម ប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើង អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាច ជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣៖០៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

* ទី២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៦៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០៤នាទី ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំងនិងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាកជាលទ្ធផលសំណាកបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣៖១០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

* ទី៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ រស់នៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣៖០៤នាទី ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពែទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើង អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសគ្រោះ តាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣៖១៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានសរុបចំនួន៩៦នាក់៕