(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៣៨៨នាក់ មានម្នាក់ជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ និងចំនួន៣៨៧នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៣៣១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ៨នាក់ និងខេត្តបន្ទាយមានជ័យ ៣៥នាក់។

សម្រាប់អ្នកជាសះស្បើយទាំង៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៧៩០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន១៣,២៣៧នាក់, អ្នកជាសះស្បើយចំនួន ៥,២០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨៤,៨៧នាក់, អ្នកស្លាប់ចំនួន ៩៦នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕