(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ ចាប់ផ្តើមរៀបចំចំណីផ្លូវផ្សារព្រែកឯង អោយមានរបៀបរៀបរយសណ្តាប់ធ្នាប់ និងស្នើឱ្យប្រជាពលរដ្ឋចូលរួម ដើម្បីសុខសុវត្ថិភាព ក្រោយពីធ្វើការណែនាំ និងជូនដំណឹងម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋ អាជីវករផ្សារព្រែកឯង ក្នុងការឈូសឆាយចិញ្ចើមផ្លូវ ដែលអ្នកលក់ដូរ បានយកធ្វើកន្លែងដាក់តាំងទំនិញលក់ដូរ ហូរហៀរមកលើទ្រូងផ្លូវកន្លងមក បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កន្លងមក។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១នេះ លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទ នាយករដ្ឋបាលខណ្ឌ រួមជាមួយកម្លាំងនគរបាល អាវុធហត្ថ ប្រជាការពារខណ្ឌ/សង្កាត់ ចុះដាក់គ្រឿងចក្រកាយឥដ្ឋ កាយបេតុង ដែលប្រជាពលរដ្ឋ បានរៀបឥដ្ឋ ចាក់សាប ពីមុខផ្ទះលយលើចំណីផ្លូវសាធារណៈ បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរណ៍ ពិសេសបង្ការការជួបគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្វើដំណើរលើទ្រូងផ្លូវ។

លោក រស់ សុភ័ក្រ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខណ្ឌ និងសង្កាត់បានចេញសេចក្តីណែនាំជូនដល់ក្រុមអាជីវករ និងបានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារព្រែកឯងនេះជាច្រើនលើកច្រើនសារមកហើយ តាំងពីមិនទាន់ផ្អាកការលក់ដូរបណ្តោះអាសន្ន ដោយសារជំងឺកូវីដ១៩ រាតត្បាលផ្សារនេះ។

ប៉ុន្តែក្រុមអាជីវករខ្លះ ពិសេសប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមផ្ទះ ដោយបានចាក់សាប រៀបឥដ្ឋលយហៀរមកលើចិញ្ចើមផ្លូវ នៅតែបំពានមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ បង្កការកក់ស្ទះ នឹងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ ចាប់ពីអាជ្ញាធររៀបចំចំណីផ្លូវឱ្យបានរៀបរយរួចហើយ អាជ្ញាធរប្តេជ្ញានឹងរៀបចំផ្សារព្រែកឯងនេះឱ្យល្អប្រសើរ ជាពិសេសនឹងចាត់វិធានការទៅលើកក្រុមអាជីវករណាដែលរឹងទទឹងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នឹងមិនទុក្ខបណ្តែតបណ្តោយឱ្យដាក់លក់សម្ភារលើផ្លូវ យ៉ាងអនាធិបតេយ្យតទៅទៀតទេ។

ជាមួយនឹងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារព្រែកឯងនេះ លោក រស់ សុភ័ក្រ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលយកចិញ្ចើមថ្នល់ធ្វើជាកន្លែងលក់ដូរតទៀតទេ ចូលរួមជាមួយរដ្ឋបាលខណ្ឌ សង្កាត់ ដើម្បីអាជ្ញាធររៀបចំឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ មិនត្រូវដាក់តាំងលក់ទំនិញលើចិញ្ចើមផ្លូវ នឹងចំណីផ្លូវសាធារណៈទេ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានកោះហៅម្ចាស់ផ្ទះ ដែលយកចិញ្ចើមផ្លូវជួល ឱ្យបងប្អូនលក់ដូរ ទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការយកចិញ្ចើមផ្លូវទៅធ្វើអាជីវកម្ម ប្រយោជន៍ឯកជន ដោយមិនគិតពីបញ្ហាគ្រោះថ្នាក់នៅចំពោះមុខ ដែលអាចកើតមានគ្រប់ពេលវេលានោះ។

បន្ថែមពនេះ រដ្ឋបាលខណ្ឌច្បារអំពៅសង្ឃឹមថាតាមការខិតខំប្រឹងប្រែងនេះ ទៅថ្ងៃអនាគតផ្សារព្រែកឯង នឹងមានរបៀបរៀបរយល្អជាក់ជាមិនខាន។ ការងាររៀបចំផ្សារព្រែកឯង មិនមែនជាការវែកចកទៀតទេ គឺជាការលើកចកចេញតែម្តង ដោយអាជ្ញាធរមិនអនុញ្ញាតឱ្យមានលក់លើទ្រូងផ្លូវ បង្កការគ្រោះថ្នាក់បន្តទៀតទេ៕