(ភ្នំពេញ)៖ នៅថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម មានប្រជាពលរដ្ឋជាច្រើនសម្រុកទៅចាក់វ៉ាក់សាំង ខ្លះទៅខុសពេលវេលារៀបចំដោយអាជ្ញាធរនាំឱ្យកកកុញនៅកន្លែងចាក់ថែមទៀតផង។ គណៈកម្មការចាក់វ៉ាក់សាំង បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងតាមពេលវេលាកំណត់របស់អាជ្ញាធរ ហើយកុំបារម្ភមិនបានចាក់ ព្រោះវ៉ាក់សាំងបានត្រៀមទុកចាក់ជូនគ្រប់ៗគ្នា។ ជាពិសេសនៅពេលទៅចាក់កុំភ្លេចយកឯកសារសម្គាល់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណជាដើម។

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃអនុគណៈកម្មការចំពោះកិច្ចនៃក្រសួងការពារជាតិ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ និងកំបូល ដែលមានចំនួនប្រជាពលរដ្ឋត្រូវចាក់ជាង ៤៧ម៉ឺននាក់។

ដំណើរការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងនៅទីតាំងចំនួន ៤៤កន្លែង ក្នុងខណ្ឌទាំង៤។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យដោយផ្ទាល់នៅតាមទីតាំងចាក់វ៉ាក់សាំង ក្នុងតំបន់ប្រឈមខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩ទាំងនេះ។

តាមទីតាំងចាក់វ៉ាក់សាំងភាគច្រើន ត្រូវបានគេសង្កេតឃើញថា មានការរៀបចំមានសណ្តាប់ធ្នាប់ល្អ និងគោរពតាមវិធានសុខាភិបាលពីក្រុមការងារចាក់វ៉ាក់សាំង។ តែក៏នៅមានកន្លែងខ្លះ គេបានឃើញប្រជាពលរដ្ឋបានទៅកកកុញ ប្រមូលផ្តុំគ្នា ហាក់ភ្លេចពីការអនុវត្តវិធានការពារជំងឺកូវីដ១៩ផងដែរ។

លោក ឥត សារ៉ាត់ បានលើកឡើងថា បញ្ហាដែលកើតមានមួយចំនួននេះ ដោយសារតែពលរដ្ឋសម្រុកមកចាក់វ៉ាក់សាំង ដោយមិនអនុវត្តតាមការរៀបចំ និងណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

លោក ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «បើកឆាកថ្ងៃដំបូងនេះ គ្រប់កន្លែងទាំងអស់ប្រជាពលរដ្ឋមកច្រើនមែនទែន មកហួសពីការកំណត់របស់យើង។ តាមដែលយើងបានធ្វើ យើងសហការជាមួយអាជ្ញាធរ យើងបានកំណត់ថា ក្នុងភូមិនេះមកចាក់ បន្ទាប់ពីភូមិហ្នឹងអស់ យើងចូលដល់ភូមិផ្សេងបន្តបន្ទាប់ទៀត។ ប៉ុន្តែប្រជាពលរដ្ឋឮសូរតែចាក់អ៊ីចឹង គាត់សម្រុកមក។ ឥឡូវយើងបានប្រាប់គាត់ថយទៅវិញរៀបរយបានល្អមិនមានបញ្ហាអ្វីទេ»។

ប្រជាពលរដ្ឋខ្លះទៅចាក់វ៉ាក់សាំង ហាក់មិនទាន់ទទួលបានព័ត៌មាននូវតម្រូវការឯកសារបម្រើដល់ការចាក់វ៉ាក់សាំងនៅឡើយ។ មានអ្នកខ្លះមិនយកទៅជាមួយនូវអត្តសញ្ញាណបណ្ណ ដែលជាឯកសារសម្គាល់អត្តសញ្ញាណដ៏សំខាន់សម្រាប់បម្រើដល់ការចាក់វ៉ាក់សាំងនេះ។ មានប្រជាពលរដ្ឋខ្លះមិនចេះអក្សរ ពេលគេតម្រូវឱ្យបំពេញទម្រង់សម្គាល់អត្តសញ្ញាណ ក៏ត្រូវជួបការលំបាក។

ឆ្លើយតបនឹងបញ្ហាប្រជាពលរដ្ឋមួយចំនួនមកចាក់វ៉ាក់សាំងដោយមិនបានភ្ជាប់មកជាមួយនូវឯកសារនានានោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធរតាមមូលដ្ឋានរបស់លោកមានមេភូមិ និងមន្ត្រីនៅតាមសង្កាត់ សុទ្ធតែបានចុះផ្តល់ព័ត៌មាននៅតាមផ្ទះរបស់ប្រជាពលរដ្ឋពីព័ត៌មានទាំងនេះ។ ដោយឡែកអ្នកដែលមកដោយមិនមានឯកសារមកជាមួយនោះ ដោយសារតែពួកគេមិនទាន់ដល់ពេលចាក់ ហើយអាជ្ញាធរមិនទាន់បានទៅផ្តល់ព័ត៌មាននានាដល់ពួកគេនៅឡើយ។

លោកអភិបាលរាជធានី បានបញ្ជាក់ដូច្នេះ «អ្នកដែលគាត់អញ្ជើញ ត្រូវបានប្រធានភូមិ ប្រធានក្រុម ចៅសង្កាត់យើងផ្សព្វផ្សាយទាំងអស់ថា គាត់ត្រូវយកអ្វីមកខ្លះ។ អ្នកមកដោយសារអត់អញ្ជើញ គាត់អត់ដឹងថា គាត់ត្រូវយកអ្វី? ចំណុចនេះហើយ បានជាគាត់អត់មានឯកសារពាក់ព័ន្ធមកជាមួយ»

ដើម្បីចៀសវាងនូវបញ្ហាកកស្ទះ និងនាំដល់ភាពយឺតយ៉ាវដំណើរការចាក់វ៉ាក់សាំងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ហើយទៅទទួលវ៉ាក់សាំងតាមការរៀបចំ ដោយកុំបារម្ភរឿងអត់វ៉ាក់សាំងចាក់។

លោក ឥត សារ៉ាត់ បានអំពាវនាវដូច្នេះ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌទាំង៤នេះ ដែលសម្តេចតេជោ សម្រេចឱ្យមកចាក់វ៉ាក់សាំងនេះ ទី១ សូមអញ្ជើញមកតាមការកំណត់របស់អាជ្ញាធរ ព្រោះអាជ្ញាធរ គាត់បានកំណត់ថា ភូមិនេះមកថ្ងៃនេះ ហើយអស់ពីភូមិហ្នឹង បានដល់ភូមិមួយទៀត តៗរហូតដល់អស់កុំបារម្ភ។ អ៊ីចឹងគឺសុំកុំបារម្ភ កុំពពាក់ពពូនគ្នាទៅជឿការអុជអាលថា ខ្លាចខ្វះវ៉ាក់សាំង គឺកុំ។ វ៉ាក់សាំង មានគ្រប់គ្រាន់ ដើម្បីចាក់ ហើយយើងនឹងចាក់ឱ្យទាំងអស់គ្នា អ៊ីចឹងសូមបងប្អូនកុំបារម្ភ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះចំនួនប្រមាណ ៤៧១,៥៧៣នាក់។ ប្រជាពលរដ្ឋដែលនឹងត្រូវចាក់នេះ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដូសចំនួន ៩៤៣,១៤៦ដូស។

យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមទាំង៤ខណ្ឌនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ។ ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុកនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួនប្រមាណ ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ចំនួន ៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន ២៧០នាក់។

សម្រាប់កន្លែងចាក់វ៉ាក់សាំងត្រូវបានដាក់ចំនួន ៤៤ទីតាំង ក្នុងសង្កាត់ទាំង៣៣ នៃខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មើលឃើញបញ្ហាខ្វះខន្លោះមួយចំនួន ដែលត្រូវបំពេញបន្ថែមថា ដើម្បីសម្រួលដល់ការចាក់វ៉ាក់សាំងនេះ ដូចជាបន្ថែមពេទ្យ, បង្កើនកន្លែងចាក់ និងបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ពីការចាក់វ៉ាក់សាំងជាដើម។

លោក ឃួង ស្រេង ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមខ្លាំងនឹងការឆ្លងជំងឹកូវីដ១៩៕