(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញជិត ២០ម៉ឺនគ្រួសារហើយ ទទួលបានអំណោយជាស្បៀងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាសប្បុរសជននានា ហើយក៏គ្មានពលរដ្ឋណាម្នាក់ បានស្លាប់ដោយការដាច់ស្បៀងអាហារនោះដែរ។ នេះជាការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

ទន្ទឹមនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក៏ដូចជាតំបន់នានា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់អាជ្ញាធរផ្តោតការយកចិត្តទុកដាក់ជាចាំបាច់ចំពោះប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ផងដែរ។ ពោលត្រូវចាត់ចែងផ្គត់ស្បៀងអាហារជូនពួកគេ មិនត្រូវឱ្យពួកគេខ្វះអាហារហូបចុកនោះឡើយ។

ស្បៀងអាហារត្រូវបានអាជ្ញាធរ និងកងទ័ព រៀបចំដឹកជញ្ជូនទៅផ្តល់ជូនប្រជាពលរដ្ឋជាហូរហែ តែក៏មិនទាន់គ្រប់គ្នានោះទេ។ លោក ឃួង ស្រេង បានទទួលស្គាល់ថា ការចែកអំណោយជាស្បៀងអាហារនេះ គឺមិនទាន់គ្រប់គ្រាន់ទៅតាមចំនួនប្រជាជននោះទេ។

បើតាមលោក ឃួង ស្រេង ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ស្បៀងអាហារនោះ មានប្រមាណ ៤០ម៉ឺនគ្រួសារ តែបច្ចុប្បន្នចែកបានជិត ២០ម៉ឺនគ្រួសារហើយ។ លោកបានបញ្ជាក់ថា ការចែកស្បៀងនេះ គឺផ្តោតទៅលើតំបន់ដែលចាំបាច់ ដូចជានៅតំបន់ក្រហម ដែលប្រជាពលរដ្ឋមិនអាចចេញក្រៅផ្ទះបាន។

លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ លោកបានបញ្ជូនអង្ករក្នុងមួយខណ្ឌ៥០តោន ទៅតាមតំបន់ដែលត្រូវបានបិទខ្ទប់ ដើម្បីចែកជូនបន្ដទៅកាន់ប្រជាពលរដ្ឋ នៅពេលទទួលបានសេចក្ដីរាយការណ៍ ឬការដង្ហោយណាមួយតាមបណ្តាញសង្គម។

អភិបាលរាជធានីភ្នំពេញ បានអះអាងទៀតថា ក្រៅតែពីអំណោយរបស់សម្តេចតេជោហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលក់ទំនិញជាស្បៀងអាហារមួយចំនួនជូនប្រជាពលរដ្ឋដែលមានលទ្ធភាព រស់នៅតំបន់បិទខ្ទប់នោះដែរ ដើម្បីជួយសម្រួលការលំបាកនៅពេលពួកគាត់មិនអាចចេញក្រៅផ្ទះបាន។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ រាប់ទាំងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជន យើងចែកជូនប្រជាពលរដ្ឋបានជាង ១៩ម៉ឺនគ្រួសារ។ យើងក៏បានឃើញដែរថា នៅមាន Facebook ឬសារព័ត៌មានផ្សាយអំពីការដង្ហើយហៅជំនួយពីប្រជាពលរដ្ឋ ហើយយើងមានយន្ដការមួយទៀតដើម្បីតាមដាន និងឆ្លើយតបភ្លាមៗផងដែរ។ ខ្ញុំបានបែងចែកអង្ករ ក្នុងមួយខណ្ឌៗ ប្រមាណ ៥០តោនហើយ ដើម្បីឲ្យពួកគាត់ត្រៀមចែកជូនប្រជាពលរដ្ឋដែលត្រូវការចាំបាច់ជាបន្ទាន់ ព្រោះអាជ្ញាធរយើងពេលខ្លះ ចែកមិនទាន់ទេ»

លោកបានអះអាងថា ការចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដនេះ គឺមានបញ្ហាប្រឈមច្រើនណាស់ ពិសេសមិនអាចប្រមូលផ្ដុំមនុស្សច្រើនបាននោះទេ។ ដូច្នេះទើបកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានអង្គរក្ស កងទ័ពជើងគោក ជួយសហការយកអង្ករ និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ ទៅដាក់មុខផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង។

បើតាមលោក ឃួង ស្រេង សកម្មភាពនៃការចែកស្បៀងអាហារជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ដោយយ៉ាងហោចណាស់មួយថ្ងៃនេះ ក៏ចែកជូនប្រជាពលរដ្ឋបាន ១ម៉ឺនគ្រួសារនោះដែរ ដោយចែកទាំងយប់ ទាំងថ្ងៃ ទាំងក្ដៅ ទាំងភ្លៀង ដោយគ្មានរុញរានោះឡើយ ហើយកងកម្លាំងទាំងអស់ មិនដែលស្រែកថា នឿយហត់អ្វីនោះទេ។

ឆ្លៀតក្នុងឱកាសនេះ លោក ឃួង ស្រេង ក្នុងនាមជាអភិបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ កម្មករ កម្មការិនី ត្រូវមើលឃើញតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែនៅជួរមុខដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើង។

«ជាមោទនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ មិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ នេះជាសារៈសំខាន់របស់អាជ្ញាធរយើង»។ នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង។

បន្ថែមពីនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបន្តអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅតំបន់បិទខ្ទប់។

លោកអភិបាលរាជធានី ក៏បានប្រកាសស្វាគមន៍រាល់សប្បុរសជននានា រួមទាំងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលចង់ជួយប្រជាពលរដ្ឋកំពុងខ្វះខាតផងដែរ គឺមិនមានការរើសអើង ឬរារាំងសកម្មភាពមនុស្សធម៌នោះឡើយ។ ការបញ្ជាក់នេះ គឺតបទៅនឹងការផ្សព្វផ្សាយ និងអត្ថាធិប្បាយមួយចំនួនថា រដ្ឋបាលរាជធានីភ្នំពេញ មិនរារាំងការផ្តល់ជំនួយរបស់អង្គការអន្តរជាតិមួយចំនួន៕