(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានទទួលថវិកាចំនួន ៦,០០០ដុល្លារពីលោកស្រី ឆោម និមល និងលោក ម៉ៅ ឡូយ តំណាងឱ្យលោកស្រី ប្រាក់ លីណា ព្រមទាំងក្រុមគ្រួសារ និងក្រុមបាល់ទាត់វេសឃ្លីន ឧបត្ថម្ភដល់រដ្ឋបាលខេត្តក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្តបានថ្លែងថា ក្នុងកំឡុងពេល នៃការរីករាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មកដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀង បាននឹងកំពុងបន្តការខិតខំយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេស រដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកបានបញ្ជាក់ថា ថ្វីត្បិតតែខេត្តស្វាយរៀងបច្ចុប្បន្ន ក្រោយមានវិធានការកាត់ផ្តាច់ការចម្លងក៏ពិតមែន ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខេត្ត និងនៅតែបន្តការខិតខំដាក់ចេញ នូវទិសដៅសំខាន់ៗ ដើម្បីទប់ស្កាត់ការចម្លង និងដើម្បីសុខមាលភាពប្រជាជនខេត្តខេត្តស្វាយរៀង ជៀសឆ្ងាយពីការឆ្លងពីជំងឺដ៏កាចសាហាវមួយនេះ។

លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះលោកស្រី ប្រាក់ លីណា ព្រមទាំងក្រុមគ្រួសារ និងក្រុមបាល់ទាត់វេសឃ្លីន បានចូលរួមបរិច្ចាគនូវថវិកា ជូនដល់រដ្ឋបាលខេត្ត ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។

លោកអភិបាលខេត្តបញ្ជាក់ថា ថវិកាដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ឱ្យចំទិសដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀង៕