(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋាភិបាលបានបន្តការបិទខ្ទប់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលរយៈពេល១សប្តាហ៍ទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបន្តឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំងចម្រុះដែលកំពុងយាមនៅតាមគោលដៅបិទខ្ទប់ចំនួន២០ទីតាំង ក្នុងរាជធានីភ្នំពេញ។

នេះជាការបរិច្ចាគបន្ថែមទៅលើអំណោយជាង២ពាន់កេស ដែលក្រុមហ៊ុនបានចែកជូនគោលដៅបិទខ្ទប់ជិត១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបរិច្ចាគនាពេលនេះ គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងកាត់បន្ថយចំណាយរបស់កងកម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មយ៉ាងលំបាកមួយនេះ»

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ប្រមាណ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕