(ភ្នំពេញ)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឈួន ពុទ្ធា ដែលបើករថយន្តល្មើសនឹងវិធានការរដ្ឋបាល ក្នុងពេលបិទខ្ទប់ ហើយបង្កហិង្សាមកលើសមត្ថកិច្ច ទៀតផង។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសនឹងបម្រាមគោចររបស់ច្បាប់រដ្ឋបាល និងបង្កហិង្សាដោយវាយមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ស្ថិត នៅភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោកបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងនគរបាល នៃអធិការខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ពេលនោះស្រាប់ តែជនសង្ស័យឈ្មោះ ឈួន ពុទ្ធា បានបើករថយន្តមួយគ្រឿងម៉ាក Nissan ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-8709 មានសណ្ដោងទូរកុងតឺន័រ ឆ្លងកាត់គោលដៅ ខាងលើ ដោយគ្មានការអនុញ្ញាត ទើបកម្លាំងនគរបាល ដេញតាមជនសង្ស័យ ដែលកំពុងបើករថយន្តចូលក្នុងផែស្ងួត អ៊ុយ ញ៊ុង ដែលមាន ចំងាយប្រហែល ២០០ម៉ែត្រពីគោលដៅ។

ពេលនោះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ បានចូលទៅឃាត់ខ្លួនជនសង្ស័យ ក៏ត្រូវជនសង្ស័យវាយមកលើសមត្ថកិច្ចបណ្ដាល ឲ្យកម្លាំងនគរបាលម្នាក់រងរបួស ទើប កម្លាំងនគរបាល ឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌ៕