(បន្ទាយមានជ័យ)៖ ស្ត្រីអ្នកជំងឺកូវីដ១៩ម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជួយសម្រាលកូនបានដោយជោគជ័យ កាលពីវេលាម៉ោង៣៖១៥នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តែទារិកាខាងលើនេះ មិនបានឆ្លងជំងឺកូវីដ១៩ពីម្តាយនោះទេ។ នេះបើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ។

ស្ត្រីដែលវិជ្ជមានជំងឺកូវីដ១៩ និងបានសម្រាលកូនដោយជោគជ័យនេះមានឈ្មោះ លឹម អន អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបន្តថា៖ «ទោះជាក្រុមការងារមមាញឹកខ្លាំងនឹងសភាពការណ៍ផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រុងប៉ោយប៉ែត តែអ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបំពេញការងារ ដោយជោគជ័យ ក្នុងការជួយលើកទឹកចិត្តអ្នកជំងឺផ្តល់កម្លាំងចិត្ត និងជួយសម្រាលកូនជូនស្ត្រីជាអ្នកជំងឺកូវីដ១៩ មានផ្ទៃពោះលើកទី៤ បានទារិកាម្នាក់ទម្ងន់ ៣,២គីឡូក្រាម ដោយមិនបាច់វះកាត់ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ និងមានហានិភ័យខ្ពស់»

បើតាមលោកវេជ្ជបណ្ឌិត ឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែឧសភានេះថា ក្រុមការពេទ្យសម្ភព ដែលជួយសម្រាលកូនជូនស្ត្រីដែលកើតជំងឺកូវីដ-១៩ ដោយជោគជ័យនេះរួមមាន៖

*ទី១៖ អ្នកគ្រូពេទ្យ យឿម ចរិយា
*ទី២៖ អ្នកគ្រូពេទ្យ ហង្ស ម៉ាឡា
*ទី៣៖ អ្នកគ្រូពេទ្យ ហៃ វណ្ណសេដ្ឋ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបន្តថា ក្នុងនាមលោកជាថ្នាក់ដឹកនាំ និងក្រុមគ្រួសារអ្នកជំងឺ ក៏ដូចប្រជាពលរដ្ឋសូមសំដែងនូវគោរពកោតសរសើរ ចំពោះការតាំងចិត្តភាពអង់អាចក្លាហាន និងការលះបង់ក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះជូនប្រជាពលរដ្ឋ៕