(ប៉ៃលិន)៖ ដោយមានការព្រួយបារម្ភពីបញ្ហាឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះពិនិត្យយុទ្ធនាការការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិវេណផ្សារទីប្រជុំជនក្នុងប៉ៃលិន។

ក្នុងការចុះយុទ្ធនាកាបាញ់ថ្នាំ នាយឧត្តមសេនីយ៍ អ៉ី ឈាន បានណែនាំដល់ប្រជាពលរដ្ឋនៅជុំវិញផ្សារ ជាពិសេសអាជីវករ ដែលលក់ដូរនៅតាមតូបក្នុងផ្សារទាំងអស់ ត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះ យើងត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ «៣ការពារនិង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម។

ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏មានសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសមន្រ្តីនៅតាមភូមិទាំងអស់ក្នុងខេត្ត ត្រូវចុះមើល ប្រជាពលរដ្ឋ បើមានការខ្វះខាតស្បៀងអាហារ សូមរាយការណ៍ជាបន្ទាន់ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល មិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងដោយមិនបានដឹងនោះឡើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ម្យ៉ាងវិញទៀត បើមានអ្នកចំណូលថ្មី មកពីខេត្តផ្សេងៗ ដែលកំពុងប្រឈមនឹងការកើតជំងឺកូវីដ១៩នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមដើម្បីសួរនាំ និងចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័ក ព្រោះបើគាត់មកពីតំបន់មានហានីភ័យ ហើយយើងធ្វើដូចនេះ ដើម្បីការពារកុំឱ្យមេរោគកូវីដ១៩ ចូលក្នុងសហគមន៍។ ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩នេះ យើងអាចនឹងឆ្លងផុតពីគ្រោះចង្រៃ គឺផ្ដើមចេញពីប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះមេរោគមួយនេះ យើងមើលមិនឃើញនោះឡើយ ពោលគឺត្រូវការពារប្រសើរជាងព្យាបាល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មិនឱ្យមានការឆ្លងចូលក្នុងខេត្តប៉ៃលិន ដោយដាក់កម្លាំងការពារយាមល្បាតនៅតាមចំណុចគោលដៅបានល្អ ថែមទាំងត្រួតពិនិត្យតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ៕