(កំពត)៖ ក្មេងប្រុសស្រីចំនួន ២នាក់ ជាបងប្អូនបង្កើតរស់ក្នុងគ្រួសារក្រីក្រមួយ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ពេលដែលឪពុកម្តាយជាប់រវល់ការងារផ្ទះរៀងៗខ្លួន។ ករណីដ៏គួរឱ្យសោកសៅនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ជ័យ សិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកក្រឹស បានឱ្យដឹងថា ក្មេងរងគ្រោះទាំងពីរនាក់ឈ្មោះ ឆេង សូ ភេទប្រុស អាយុ ៦ឆ្នាំ និងឈ្មោះ ឆេង រ័ត្ន ភេទស្រី អាយុ៤ឆ្នាំ។ ក្មេងទាំងពីរនាក់ មានឪពុក ឈ្មោះ នួ នឿត អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃិន ស្រីនាង អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែមានសភាពវិបល្លាសស្មារតី ហើយរស់នៅដោយលំបាកខ្វះខាតទៀតផង។

លោកនាយប៉ុស្តិ៍ននគរបាលរូបនេះ បានរៀបរាប់ថា កាលពីម៉ោងប្រហែល ៨ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ខណៈពេលបុរសជាប្តីចេញទៅរកពងសត្វអង្ក្រងលក់ និងប្រពន្ធនៅផ្ទះក៏ចាប់ផ្តើមធ្វើកិច្ចការងារផ្សេងៗ។ មួយសន្ទុះក្រោយមកស្រាប់តែបាត់កូនទាំងពីរ ក៏ហៅអ្នកភូមិឱ្យជួយរក។

ដោយមានការភ្ញាក់ផ្អើលពីអ្នកភូមិព្រមទាំងប្រជាការពារផង បានដាក់ការសង្ស័យថា កុមារទាំងពីរ អាចចុះលេងទឹកអណ្តូងក្រោយផ្ទះក៏នាំគ្នាចុះរាវរកទើបប្រទះឃើញជាបន្តបន្ទាប់។ ភ្លាមៗនោះអ្នកភូមិ និងសមត្ថកិច្ចបាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការសង្គ្រោះ តែជាអុកសលកុមារទាំងពីរនាក់ បានស្លាប់ទៅហើយ៕