(ភ្នំពេញ)៖ ឈានចូលដល់សប្តាហ៍ទី៣នៃការបិទខ្ទប់រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមើលឃើញពីសញ្ញាណល្អ នៃការកាត់ផ្តាច់ចរន្តចម្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីអ្នកវិជ្ជមានត្រូវបានថយចុះជាបន្តបន្ទាប់។

រាជធានីភ្នំពេញ បានរងការរាតត្បាតយ៉ាងស្រួចស្រាវនៃជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក។ រយៈពេលជាងពីរខែមកហើយ តែការរាតត្បាតមិនបានថមថយនោះឡើយ។ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ក្នុងរាជធានីភ្នំពេញនោះ នៅថ្ងៃទី១៥ ខែមេសា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ រយៈពេលពីរសប្តាហ៍។ ដោយសារតែស្ថានភាពមិនទាន់ស្រាកស្រានរាជរដ្ឋាភិបាល បានបន្តបិទខ្ទប់រាជធានីភ្នំពេញមួយសប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា។

ក្រោយការបិទខ្ទប់រយៈពេលជាងពីរសប្តាហ៍កន្លងទៅនេះ បើទោះបីជំងឺកូវីដ១៩ មិនទាន់កាត់ផ្តាច់ក្តី។ តែលោក ឃួង ស្រេង បានមើលឃើញពីសញ្ញាណល្អនៃការកាត់ផ្តាច់ជំងឺកូវីដ១៩ ក្រោយពេលអ្នកវិជ្ជមានជំងឺនេះ បានថមថយបន្តិច។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះលោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «យើងអាចសន្និដ្ឋានបានថា យើងកំពុងតែដើរទៅរកគោលដៅមួយដែលត្រឹមត្រូវហើយ យើងនឹងបន្ដគ្រប់គ្រងទីតាំងនេះទៀត។ ក្នុងករណីដែលបំរាមរបស់រាជរដ្ឋាភិបាល ត្រូវបានបញ្ចប់នៅថ្ងៃទី០៥ ខែឧសភា អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យទៅលើទីតាំងរបស់ខ្លួនថា តើគួរត្រូវធ្វើអ្វីបន្ដទៀត ដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ យើងនៅមានការងារច្រើនទៀតដើម្បីធ្វើ»

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរកឃើញមនុស្ស ១៣,២៣៧នាក់ កើតជំងឺកូវីដ១៩ ហើយអ្នកជំងឺ ៩៦នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ។ រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជ វប្បធម៌ និងទេសចរណ៍ផងនោះ មានការឆ្លងច្រើនជាងគេ។ ព្រឹត្តិការណ៍សហគមន៍នេះ រាជធានីភ្នំពេញ មានអ្នកឆ្លងសរុបជិត ៨ពាន់នាក់ ក្នុងនោះមានជនបរទេសជាង ៤០០នាក់។

តែទោះជាយ៉ាងណាតួលេខអ្នកឆ្លងក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចុងក្រោយនេះ បានធ្លាក់ចុះជាបន្តបន្ទាប់។ថ្ងៃទី២៨ ខែមេសា រាជធានីភ្នំពេញ មានអ្នកឆ្លង ៥១៨នាក់, ថ្ងៃទី២៩ ខែមេសា រាជធានីភ្នំពេញ មានអ្នកឆ្លង ៤០៨នាក់, ថ្ងៃទី៣០ ខែមេសា រាជធានីភ្នំពេញ មានអ្នកឆ្លង ៣៣១នាក់។

អភិបាលរាជធានីភ្នំពេញ បានចាត់ទុកសញ្ញាណនៃការថមថយជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ជាលទ្ធផលកើតចេញពីការបិទខ្ទប់រាជធានីភ្នំពេញ។ លោកបានថ្លែងថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ប្រៀបដូចជាការដើរមុនសភាពការណ៍មួយជំហ៊ានរួចទៅហើយ ព្រោះបើរាជរដ្ឋាភិបាល មិនបានប្រើប្រាស់វិធានការបែបនេះទេ ម្ល៉េះម៉ោងនេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មិនដឹងរីករាលដាលដល់កម្រិតណានោះទេ។

«ហេតុអ្វីបានយើងហ៊ានសន្និដ្ឋានថា វិធានការបិទខ្ទប់រយៈពេល២សប្ដាហ៍កន្លងទៅទទួលបានជោគជ័យ ព្រោះថាបើក្នុងករណីរាជរដ្ឋាភិបាល មិនចេញបំរាម បិទរាជធានីភ្នំពេញ ជាបន្ទាន់ទេ យើងសាកស្រម៉ៃមើលថា តើកម្ពុជានឹងឆ្លងរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងមិច? នេះហើយចំណុចសំខាន់នៃការបិទខ្ទប់ ក្នុងរាជធានីភ្នំពេញ ជំងឺនេះប្រហែលជាសាយជាទៅគ្រប់ទីកន្លែង ដូច្នេះនេះជាចំណុចជោគជ័យ យើងសុខចិត្ដឈឺចាប់នៅកន្លែងមិនឲ្យរីករាលដាលខ្លាំង»។ នេះជាអ្វីដែលលោក ឃួង ស្រេង បានគូសបញ្ជាក់។

បើទោះបីជាយ៉ាងណា លោក ឃួង ស្រេង បានលើកឡើងថា ការកាត់ផ្តាច់ជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ មិនអាចទទួលបានជោគជ័យនោះឡើយ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ និងកម្មករ និយោជិតទេនោះ។ លោកអភិបាលរាជធានីភ្នំពេញ បន្តអំពាវនាវប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចូលរួមសហការគ្នា រួមគ្នាជាមួយអាជ្ញាធរ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ៕