(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអំពីអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៥នាក់ ដែលទើបរកឃើញថ្មី ជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ (ដូចគ្នាបញ្ជីភ្ជាប់ជូន) ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកជំងឺកូវីដ១៩ នៅទីតាំងដែលអាជ្ញាធរមូលដ្ឋាន បានរៀបចំនៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ។

បន្ថែមពីនេះអ្នកពាក់ព័ន្ធដ៏ទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកំដៅយ៉ាងតិច២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់៕