(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ថ្មីម្នាក់ ទៅលើឈ្មោះ ចេង គិមនូវ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវជាប្រពន្ធ របស់លោក ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ពៅ ឧហ្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិក នៅហាងកាហ្វេលឹង្គ១០០០
*ទី២៖ ឈ្មោះ ជឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៧នាក់ និងបានព្យាបាល ជាសះស្បើយចំនួន១៤នាក់ នៅសល់២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ «៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕