(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំនូវអំណោយកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនសាសនិកឥស្លាមចំនួន៤០០គ្រួសារ នៅមូលដ្ឋានខេត្តពោធិ៍សាត់។

ពលរដ្ឋដែលទទួលបានអំណោយនោះ មកពីភូមិកូនត្នោត ឃុំរំលិច ស្រុកបាកាន ៧៥គ្រួសារ, ឃុំវាល ស្រុកកណ្តៀង ១០០គ្រួសារ, ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ១០០គ្រួសារ និងភូមិ៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ១២៥គ្រួសារ ដោយមានតំណាងមកទទួលចំនួន៣០គ្រួសារ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅ ភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អំណោយខាងលើទទួលបានពីអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) តាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ សមាគមយុវជនមុស្លិមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ប្រេងឆា២លីត្រ ស្ករស២គីឡូក្រាម និងទឹកដោះគោខាប់៥កំប៉ុង៕