(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង បន្ទាប់ពីរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់ជាបន្តបន្ទាប់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រនេះ។

អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ដែលរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រនេះរួមមាន៖
១៖ ឈ្មោះ សៀន សៅណា ភេទស្រី អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្រពន្ធ)។
២៖ ឈ្មោះ ក្តិប ថុល ភេទប្រុស អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្តី)។
៣៖ ឈ្មោះ ត្រេង បញ្ញា ភេទប្រុស អាយុ ១ឆ្នាំ៦ខែ មានអាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (កូន)។
៤៖ ឈ្មោះ ម៉ង់ ប៊ុនដែន ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកបើកបររថយន្តដឹកបញ្ញើទំនិញពីភ្នំពេញ។ បុរសរូបនេះ មានអាសយដ្ឋាននៅភូមិខ្នារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ចាប់ពីយប់ថ្ងៃទី០១ ខែឧសភា តទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤១នាក់ហើយ ដែលជាករណីឆ្លងបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងនោះអ្នកជំងឺ ១៥នាក់ បានព្យាបាលជាសះស្បើយ និង២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ «៣ការពារ ៣កុំ» និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕