(ពោធិ៍សាត់)៖ លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អំណោយមួយចំនួន ជូនដល់កងកម្លាំងប្រជាការពារភូមិទាំង ៨ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដែលកំពុងឈរជើងតាមគោលដៅនីមួយៗក្នុងការអនុវត្តការបន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

អំណោយទាំងនេះត្រូវបានប្រគល់ជូនប្រជាការពារ នាយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តាមរយៈលោក ឡូញ វិត អនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ប្អូនស្រី សៀង ទេវី កូនតាម៉ាប់ (លក់គ្រឿងសំណង់ក្រុងពោធិ៍សាត់) ក្នុងនោះរួមមាន៖ ទឹកក្រូច ១កេស, មី ១កេស, គោជល់កន្លះកេស, ត្រីខ ១ឡូតិ៍, ទឹកសុទ្ធ ២យួរ, មីឆា ១ប្រអប់ធំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចលេខ ០២០/២១ សសរ ស្តីពីការបន្តដាក់វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

* ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពទទួលភ្ញៀវសម្រាប់អាជីវកម្ម រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូប លក់ចល័ត ផ្សារម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ដែលនាំឱ្យមានមនុស្សជួបជុំក្នុងចំនួនច្រើន ត្រូវបានហាមឃាត់ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

* ផ្អាកជាបណ្តោះអាសន្ននូវរាល់ការជួបជុំតាមសួន និងទីសាធារណៈ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់វេលាម៉ោង ៥៖០០ នាទីព្រឹក។

* ផ្អាកជាបណ្តោះអាសន្ននូវរាល់ការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

ក្នុងករណីបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនចូលរួមអនុវត្តសេចក្តីសម្រេចនេះ ត្រូវពិន័យអន្តរការណ៍ស្របតាមសេចក្តីសម្រេចលេខ ១៧/២១ សសរ.ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕