(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញបទបញ្ជាដាច់ខាត មិនអនុញ្ញាតឱ្យមានការចេញ-ចូល នៅក្នុងភូមិ-ឃុំ បិទខ្ទប់ទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍មួយ ទៅសហគមន៍មួយទៀត។

ការចេញបញ្ជាបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅក្នុងឱកាសលោកចុះពិនិត្យ តំបន់មួយចំនួនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ។

លោក អ៊ុន ចាន់ដា បានបានថា ពាក្យថាបិទខ្ទប់បានន័យថា «ហាមមិនអោយចេញ-ចូល ធ្វើចរាចរណ៍ពីកន្លែងមួយទៅកន្លែងមួយទៀតជាដាច់ខាត» រួមទាំងប្រជាពលរដ្ឋនៅតាមផ្ទះ មិនអនុញ្ញាតឱ្យចេញ-ចូល ពីផ្ទះមួយទៅផ្ទះមួយទៀតនោះទេ ចំពោះការលក់ដូរមិនអនុញ្ញាតឱ្យលក់ទេ ដោយហេតុថា ប្រសិនបើមានអ្នកលក់ដូរប្រាកដជាមានអ្នកចូលមកទិញពាក់ព័ន្ធគ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងការហាមឃាត់លក់ដូរ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តតាមវិធានការ ២យ៉ាង៖

*ទី១៖ ត្រូវឲ្យមានការលក់ដូរ នៅនឹងកន្លែង ព្រំប្រទល់បិទខ្ទប់តែម្ដងដោយអនុញ្ញាតឱ្យមានអ្នកលក់ដូរមិនលើសពី០៥នាក់ និងប្រជាពលរដ្ឋដែលមកទិញទំនិញ អនុញ្ញាតឱ្យផ្ទះមួយសមាជិកគ្រួសារម្នាក់ មកទិញក្នុងមួយសប្តាហ៍ អាចចេញមកទិញទំនិញបាន៣ដង។ 

ក្នុងនោះដែរចំពោះអ្នកលក់អាជ្ញាធរដែនដីត្រូវតែកំណត់ឱ្យពួកគាត់ អនុវត្តវិធានការអនាម័យជាប្រចាំ ដោយត្រូវឱ្យពាក់ម៉ាស ស្រោមដៃ វាស់កំដៅ និងបាញ់អាល់កុល នឹងរក្សាគម្លាត។ ជៀសវាងទទួលការចម្លង តាមរូបភាពផ្សេងៗ ដូចជាតាមរយៈក្រដាសប្រាក់ ក៏អាចចម្លងជំងឺនេះបានដែរ ដូច្នេះអ្នកលក់ដូរត្រូវប្រើស្រោមដៃ និងប្រើអាល់កុល បាញ់សំអាត ក្រោយពេលប៉ះពាល់ក្រដាសប្រាក់។

និងទី២៖ គឺអាជ្ញាធរត្រូវរៀបចំឱ្យមានការលក់ដូរចល័ត ដឹកជោយម៉ូតូរ៉ឺម៉ក ឬតាម Pass App នឹងត្រូវឱ្យពួកគាត់អនុវត្តអនាម័យ មានពាក់ម៉ាស ពាក់ស្រោមដៃ និងប្រើអាល់កុលឱ្យបានត្រឹមត្រូវ ដោយលក់នៅតាមផ្លូវក្រៅរបងផ្ទះ និងប្រើឧបករណ៍បំពងសម្លេង។

ដោយឡែកចំពោះមន្ត្រីអាជ្ញាធរដែលបំពេញភារកិច្ចតាមគោលដៅត្រូវ ពាក់កាតជាប្រចាំ ដើម្បីសម្គាល់ឱ្យដឹងថា ជាមន្ត្រីបំពេញភារកិច្ចនៅទីនោះ លើកលែងតែ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ គឺមានឯកសណ្ឋានត្រឹមត្រូវហើយ៕