(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People ដែលមិនគោរពតាមបទប្បញ្ញាត្តិ និងអនុវត្តផ្ទុយពីច្បាប់ ដែលបានចេញដោយធនាគារជាតិនៃកម្ពុជា ដោយបានបង្ខំទាមទារប្រាក់សងត្រឡប់ពីអតិថិជន ដោយគ្មានក្ដីលើកលែងទាល់តែសោះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។

សូមជម្រាបថា ថ្មីៗនេះមានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People បានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People បានដាក់គោលការណ៍ថ្មី ដោយបង្ខំទារប្រាក់ ឬប្រមូលប្រាក់ពីអតិថិជន ដោយគ្មានក្ដីលើកលែង ទោះបីស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ខ្លាំងយ៉ាងណាក្ដី។

យោងតាមអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People បញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ បានប្រើប្រាស់គោលការណ៍ជាមួយអតិថិជនដូចជា៖

* មិនទទួលយកការលើកឡើងរបស់អតិថិជនថា មានទីលំនៅស្ថិតក្នុងតំបន់បិទខ្ទប់។
* ប្រសិនបើអតិថិជន មិនមានប្រាក់សងត្រឡប់នោះទេ តម្រូវឲ្យអ្នកធានា ឬក្រុមគ្រួសារចេញសងជំនួស។
* ប្រសិនបើអតិថិជន មិនមានប្រាក់សងត្រឡប់ ឬសងត្រឡប់យឺតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People គម្រាមថា នឹងមិនអាចទទួលបានកម្ចី ពីគ្រប់ស្ថាប័នផ្សេងទៀតឡើយ ដោយលើកឡើងថា «ប្រសិនបើបងមិនបង់ប្រាក់សងមកខាងខ្ញុំ ព័ត៌មានឥណទាន (CBC) របស់បង និងកត់ត្រានូវកម្ចីបង់យឺត អញ្ជឹងមិនថា តែអេភី (Active People) ទេ គ្រប់ស្ថាប័នទាំងអស់ នឹងមិនអនុម័តជូនបងទៀតឡើយ)។

ជុំវិញបញ្ហានេះ មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានឆ្លើយតបភ្លាមៗថា «ក្នុងនាមធនាគារជាតិនៃកម្ពុជា ពិតជាសោកស្ដាយដែលឃើញទង្វើ របស់គ្រឹះស្ថានមីក្រូហិរញ្ញត្ថុនេះ អនុវត្តន៍ផ្ទុយពីច្បាប់ និងបទប្បញ្ញាត្តិដែលបានចេញដោយ ធនាគារជាតិនៃកម្ពុជាកន្លងមក ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ សម្របតាមអនុសាសន៍ដ៏ខ្ពងខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា»

លោកបានបន្ថែមថា ធនាគារជាតិនៃកម្ពុជា សូមស្នើសុំឲ្យគណៈគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ពិនិត្យសកម្មភាពមន្រ្ដីបុគ្គលិករបស់ខ្លួន ក្នុងការទារប្រាក់ ឬប្រមូលប្រាក់ពីអតិថិជន និងពង្រឹងការអនុវត្តន៍ច្បាប់ និងបទប្បញ្ញាត្តិ ជាពិសេសវិធានការដែលបានដាក់ចេញ នាពេលចុងក្រោយនេះ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

លោកបានបញ្ជាក់ថា ចំពោះករណីរបស់ធនាគារ Active People ធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញាត្តិ ចំពោះកំហុសប្រព្រឹត្តិខុសនេះ៕