(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបញ្ចប់នូវវិធានការរដ្ឋបាលមួយចំនួន នៅក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា៖

* បន្តការអនុវត្ត និងហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្ស ដែលបណ្តាលឲ្យមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ដែលមានថិរវេលាអនុវត្តរយៈពេល០៧ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ។ ការអនុវត្ត និងហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឲ្យមានការឆ្លងជំងឺកូវីដ-១៩ ត្រូវបានលើកលែងតែ
ចំពោះករណី ដូចខាងក្រោម ៖

- ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
- ការរៀបចំពិធីបុណ្យសព ដោយគោរពតាមគោលការណ៍កំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច
- ការប្រមូលផ្តុំមនុស្ស ដើម្បីអនុវត្តវិធានការសុខាភិបាល ដូចជា ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
- ការជួបជុំមនុស្ស ដើម្បីផ្តល់ជំនួយចាំបាច់នានា ដល់ជនងាយរងគ្រោះ ឬជូនជនរងគ្រោះ
- ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬសាលាជម្រះក្តី
- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
- ការជួបជុំក្នុងការបំពេញការងាររបស់បុគ្គលិក កម្មករនិយោជិត និងនិយោជក នៅតាមបណ្តាក្រុមហ៊ុនរោងចក្រ សហគ្រាសនានា ដែលនៅដំណើរការធម្មតា
- ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

* បញ្ចប់ការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្រ្តសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ។

* បន្តបិទខ្ទប់រាល់ការធ្វើដំណើរចេញ-ចូល ក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ GOOD LUCK ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត នៃក្រុងបាវិត រយៈពេល០១សប្តាហ៍ ចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១ លើកលែងការធ្វើដំណើរ ដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់
និងបន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ ស្បៀង គ្រឿងឧបភោគបរិភោគ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច។ អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់បុគ្គលគ្រប់រូប មានកាតព្វកិច្ចអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

* បញ្ចប់ការបិទខ្ទប់ក្រុមហ៊ុន EMPEROR ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង និងបញ្ចប់ការផ្អាកជាបណ្តោះអាសន្ន ផ្សារតាពៅ ដែលមានទីតាំងស្ថិត នៅក្នុងភូមិតាពៅសង្កាត់បាវិត និងផ្សារកាបឹប ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត៕