(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចបិទការចេញចូល និងផ្អាកការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខាក្នុងខេត្តប៉ៃលិន បន្ទាប់ពីរកឃើញអ្នកបើកបររបស់ក្រុមហ៊ុននេះម្នាក់ វិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស។

លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ ត្រូវសហការ និងអនុវត្តតាមវិធានការណែនាំ របស់រដ្ឋបាលខេត្តជាការចាំបាច់។

ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូល ការធ្វើអាជីវកម្ម និងទីតាំងអាជីវកម្មនេះ បុគ្គលិកដែលបំរើការ ការងារក្នុងក្រុមហ៊ុន វីរៈប៊ុនថាំ ទាំងបីសាខាក្នុងខេត្តប៉ៃលិន ត្រូវហាមឃាត់ការធ្វើដំណើរចេញ-ចូលទីតាំងអាជីវកម្មក្រុមហ៊ុន និងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ តាមវិធានការសុខាភិបាល៕