(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត៦ម៉ឺននាក់។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា បានបង្ហាញដែរថា នៅថ្ងៃទី០២ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៣៣,៦៥៥នាក់ ស្រី ១៧,១៩៣នាក់។ សរុបពីរថ្ងៃចាក់បានចំនួន ៥៧,៣១៣នាក់ ស្រី ២៩,៥០៣នាក់។

ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៣,០៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ១២,៤៧១នាក់ ខណ្ឌកំបូល ចាក់បាន ១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨,៥៩១នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានភាពល្អប្រសើរជាងថ្ងៃទី១។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ដែរថា លោកបានសម្រេចបង្កើនទីតាំងចាក់ពី ៤៤ទីតាំង រហូតដល់ ៦០ទីតាំង និងបានបន្ថែមក្រុមការងារចាក់វ៉ាក់សាំងរហូតដល់ជិត ៣ពាន់នាក់។ ការបន្ថែមកម្លាំងនេះ ដើម្បីបង្កើនល្បឿននៃការចាក់ឱ្យសម្រេចបានតែមផែនការកំណត់។

បើតាមលោក ឥត សារ៉ាត់ នៅមានបញ្ហាមួយចំនួនទៀតពាក់ព័ន្ធការបំពេញបណ្ណព័ត៌មានអត្តសញ្ញាណ ដោយប្រជាពលរដ្ឋខ្លះមិនចេះបំពេញ និងបណ្ណដែលចែកទៅមិនបានដល់ដៃប្រជាពលរដ្ឋជាដើម។ សម្រាប់បញ្ហានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយអាជ្ញាធរ ដើម្បីកែសម្រួលហើយ ដើម្បីឱ្យការមកចាក់របស់ប្រជាពលរដ្ឋបានលឿនបន្ថែមទៀត។

អ្នកដឹកនាំប្រតិបត្តិចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមរូបនេះ បានគូសបញ្ជាក់ដែរថា រូបលោកនឹងបន្តពង្រាយកន្លែងចាក់វ៉ាក់សាំង និងកម្លាំងចាក់បន្ថែមទៀត ដើម្បីឱ្យការងារចាក់បានកាន់តែឆាប់រហ័ស។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។

ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនជិត ៥០ម៉ឺននាក់។

ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម៕