(ព្រះសីហនុ)៖ បុរសម្នាក់បង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook ឌឺដងរឿងផឹកស៉ីផ្គើននឹងបំរាមរបស់រាជរដ្ឋាភិបាល ពេលកំពុងផ្ទុះរីករាលដាលជំងឺកូវីដ១៩ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលរូបនេះត្រូវបានបញ្ជូនទៅធ្វើតេស្តរកកូវីដ១៩ មុនបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់។ បើតាមលោកមេបញ្ជាការ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងជំនាញរបស់លោក បាននិងកំពុងបន្តសួរនាំសិន ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា បុគ្គលដែលកម្លាំងអាវុធហត្ថចាប់ខ្លួននេះ ឈ្មោះ អ៊ូយ សម្បត្តិ អាយុ៣៣ឆ្នាំ មុខរបរអាជីករ ស្នាក់នៅក្រុម១៣ ភូមិ០៤ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចាប់ខ្លួននេះ ធ្វើឡើងក្រោយបុគ្គលនេះ មិនគោរពវិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយបង្ហោះវីដេអូផឹកស៊ីតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ក្រុម១៣ ភូមិ០៤ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់៕