(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានឆ្លើយតបចំ នួន៣ចំណុច ទៅនឹងការរិះគន់គន់ដោយគ្មានមូលដ្ឋានរបស់បុគ្គលមួយចំនួន ចំពោះការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមរបស់អាជ្ញាធរ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកឃ្លាំមើលសង្គម និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនតូច បានជំរុញឱ្យតំណាងរាស្រ្តក្នុងមណ្ឌលភ្នំពេញ គួរតែចុះសួរសុខទុក្ខ និងពិនិត្យមើលលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋការអនុវត្តច្បាប់របស់អាជ្ញាធរការដោះស្រាយរបស់អាជ្ញាធរ ជាពិសេសទាក់ទងលើច្បាប់ ស្ដីពីការបង្ការជំងឺកូវីដ-១៩ នៅតំបន់ក្រហម។

លោក ជិន ម៉ាលីន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ ឃើញគេបង្ហោះសារជាមួយរូបថតទាមទារឱ្យតំណាងរាស្រ្តមណ្ឌលភ្នំពេញ ចុះជួបសួរសុខទុក្ខ និងជួយពលរដ្ឋក្នុងតំបន់ក្រហម ចេះតែនឹកឆ្ងល់ចំនួន ៣ចំណុច៖

ទី១៖ តើអ្នកបង្ហោះសារទាមទារនោះ សុទ្ធតែបានបោះឆ្នោតឱ្យអ្នកតំណាងរាស្រ្តទាំងនោះដែរ ឬទេ ឬមួយគ្រាន់តែចង់បណ្តុះបង្អាប់? មិនប្រាកដទេ តែទោះជាយ៉ាងណា តំណាងរាស្រ្តជាប់ឆ្នោត គឺតំណាងឱ្យរាស្រ្តទូទាំងប្រទេសដោយមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ទី២៖ នៅក្នុងតំបន់ក្រហម វិធានរឹតត្បិតតឹងរុឹង រាល់ការធ្វើដំណើរ និងសកម្មភាពនានាត្រូវបានហាមឃាត់ រួមទាំងតំណាងរាស្រ្តផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ដូច្នេះ រាល់ជំនួយរបស់តំណាងរាស្រ្ត អាចផ្តល់ឱ្យបានតាមរយៈ និងដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការបិទខ្ទប់ដែលមានសិទ្ធិចេញចូលឆ្លងកាត់តំបន់ក្រហមនោះបាន។

ទី៣៖ កន្លងមក មានអង្គការសង្គមស៊ីវីលមួយចំនួនទាមទារចុះចែកអំណោយក្នុងតំបន់ក្រហមដោយខ្លួនឯង តាមបែបអនាធិបតេយ្យតែមិនត្រូវបានអនុញ្ញាតនោះទេ ព្រោះបំពានវិធានការបិទខ្ទប់។ អង្គការសង្គមស៊ីវីលទាំងនោះ មិនព្រមស្តាប់តាមការណែនាំនិងសហការជាមួយសមត្ថកិច្ចនោះទេ តែបែជាធ្វើការរិះគន់ និងចោទប្រកាន់សមត្ថកិច្ចទៅវិញ។ អត់យល់!»

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍។

ទោះជាយ៉ាងនេះក្តី តាមរយៈហ្វេសបុក កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ៕