(បាត់ដំបង)៖ បុគ្គលិកសាខាក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ជើរ វីរៈប៊ុនថាំ ចំនួន៨៨នាក់ នៅខេត្តបាត់ដំបង លទ្ធផលតេស្ដទាំងពីរលើកបានបង្ហាញថា ពួកគាត់អវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពី លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលបាត់ដំបង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីធ្វើតេស្ដលើកបុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈប៊ុនថាំ រហូតដល់ម៉ោងជាង១យប់ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ លទ្ធផលរបស់ពួកគាត់ទាំង៨៨នាក់នោះ បានបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ទាំងអស់គ្នា។ ក្នុងនោះអ្នកវិជ្ជមានលើកទី១ ដែលជាអ្នកបើកបររថយន្ដ ក៏បង្ហាញលទ្ធផលអវិជ្ជមាន ក្រោយតេស្ដលើកទី២នេះផងដែរ»។

បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈប៊ុនថាំ ដែលមន្ដ្រីសុខាភិបាលបានចុះយកសំណាកនោះមាន៤សាខា រួមមាន នៅផ្សារថ្មី, ផ្សារបឹងឈូក, ផ្សារលើ និងផ្សារភូពុយ នៅក្រុងបាត់ដំបង បានចំនួន៨៧នាក់ (ស្រី៣៥នាក់) ដោយប្រើប្រាស់ GyneXpert ហើយលទ្ធផលអវិជ្ជមាន។ ក្នុងនោះអ្នកបើករថយន្ដដែលតេស្ដលើកទី១ ឃើញវិជ្ជមាននោះ ក៏ចេញលទ្ធផលលើកទី២ អវិជ្ជមានដូចគ្នាដែរ។

ដោយឡែក សំណាកពាក់ព័ន្ធនឹងករណីនេះ មានចំនួន ៣១នាក់ (ស្រី១៣នាក់) ត្រូវបានបញ្ជូនមកពីស្រុកសំពៅលូន ចំនួន៧នាក់, ស្រុកភ្នំព្រឹក ចំនួន១០នាក់ និងស្រុកកំរៀង ចំនួន១៤នាក់ ក៏អវិជ្ជមានដូចគ្នា។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមដែរថា បន្ទាប់ពីទទួលបានលទ្ធផលតេស្ដអវិជ្ជមាន នូវបុគ្គលិកគ្រប់សាខាទាំងអស់នោះ រហូតមកដល់ពេលនេះ ទីតាំងក្រុមហ៊ុនដែលត្រូវបានយកសំណាក គឺអនុញ្ញាតឲ្យបើកដំណើរការឡើងវិញជាធម្មតា។

លោកបន្ថែមថា ចំពោះអ្នកបើកបររថយន្ដ ដែលរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ លើកដំបូងតាមរយៈការធ្វើតេស្ដរហ័សនោះ គឺត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីបញ្ជាក់ថា អវិជ្ជមាន។ លោកថា អ្នកបើករថយន្ដនេះ គ្រាន់តែមានអាការៈផ្ដាសាយធម្មតា ដោយសារត្រូវទឹកភ្លៀងប៉ុណ្ណោះ៕