(ភ្នំពេញ)៖ រោគរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង។ ជាពិសេសក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ។ ដើម្បីជម្នះការលំបាក ការខ្វះខាតស្បៀងអាហារ រាជរដ្ឋាភិបាល បានបញ្ចេញស្បៀងអាហារជាច្រើនជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកមានធនធានក្នុងរាជធានីភ្នំពេញ ក៏បានរួមគ្នាជួយអ្នកខ្វះខាតនោះ តាមលទ្ធភាពរបស់ពួកគេផងដែរ។

ម្ចាស់ភោជនីយដ្ឋាន «ហេបភី ផាលែស (Happy Palace)» ស្ថិតនៅផ្លូវដងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី០២ ខែឧសភា កន្លងទៅនេះ ក៏បានរៀបចំស្បៀងអាហារ៤០០កញ្ចប់ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤០០គ្រួសារ។

ស្បៀងអាហារដែលម្ចាស់ភោជនីយដ្ឋាន «ហេបភី ផាលែស» រៀបចំនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម មី ១៥កញ្ចប់ ត្រីខ ៤កំប៉ុង និងថ្នាំក្អកមួយដបផងដែរ។

ម្ចាស់ភោជនីយដ្ឋាន «ហេបភី ផាលែស» លោក ប្រាក់ នទី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពេលស្រុកទេសសុខសប្បាយ មនុស្សម្នា ក៏មានឱកាសក្នុងការធ្វើអាជីវកម្មកសាងជីវភាពកើតចេញពីបរិយាល្អនៃសង្គមនោះ។ តែពេលស្រុកទេសមានបញ្ហា គ្រោះអាសន្ន គឺទាមទារឱ្យអ្នកមានលទ្ធភាពរួមគ្នាជួយសង្គមវិញ ទៅតាមលទ្ធភាពផងដែរ។

លោក ប្រាក់ នទី បានបញ្ជាក់ថា ឈរលើទស្សនៈនេះហើយ ដែលនាំឱ្យរូបលោករៀបចំការផ្តល់ស្បៀងអាហារទាំងនេះ ចែកជូនប្រជាពលរដ្ឋខ្វះខាត។ លោកយល់ឃើញថា ស្បៀងទាំងនេះ មិនច្រើន តែបានដោះស្រាយការលំបាករបស់អ្នកខ្វះខាតមួយរយៈខ្លីផងដែរ ហើយនេះក៏ជាការបង្ហាញឱ្យឃើញនូវស្មារតីរួមគ្នាមួយក្នុងសង្គមកម្ពុជា ដើម្បីជម្នះបញ្ហាដែលមាន។

សម្រាប់លោក ប្រាក់ នទី បញ្ហា និងការលំបាកក្នុងសង្គមមានតែការរួមគ្នាជម្នះនោះទេ ទើបអាចដោះស្រាយបាន។ ដូច្នេះលោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ដែលមានធនធានរួមគ្នាជួយដោះស្រាយការលំបាករបស់សង្គមជាតិ និងប្រជាពលរដ្ឋខ្វះខាតក្នុងកំលុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ ទៅតាមលទ្ធភាព៕