(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកគ្នាមករារាំងអាជ្ញាធរមិនឱ្យដឹកសពស្ត្រីម្នាក់ ដែលបានស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យកមកបូជានៅក្នុងវត្ត ដែលពួកគាត់ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនេះ។

បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា «កាលដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឱ្យដឹកសពដែលស្លាប់ដោយជំងឺកូវីដ១៩ យកមកបូជានៅក្នុងទីអារាមនេះដោ យសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួក គាត់ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។ ព្រោះសព្វថ្ងៃនេះពួកគាត់ និងកូនចៅទាំង អស់គ្នាបានខិតខំការពារកុំឱ្យកើតមានការឆ្លងនៃជំងឺកូវីដ១៩នេះ ដោយខិតខំអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ និង៣កុំ» យ៉ាងខ្ជាប់ខ្ជួនដោយសារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគមន៍ដោយគ្មានជំរើសទើបពួកគាត់ធ្វើបែបនេះ»។

ដោយឡែក នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ ក៏មានវត្តមាននៅក្នុងវត្តជ្រៃបាក់ ដោយពួកគាត់កំពុងតែធ្វើការបោសសំអាតនៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាសពប្រកបទៅដោយអនាម័យ និងបច្ចេកទេសខ្ពស់ក្នុងការបូជាសពនេះផងដែរ។

លោក យង់ សៅវុឌ្ឍី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ការរៀបចំបូជាសពស្ត្រីដែលមានវិជ្ជមានកូវីដ១៩ ខាងនេះ គឺជាការរៀបចំបន្ទាន់ដោយមិនទាន់មានកន្លែងត្រឹមត្រូវ ដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ដែលវត្តនេះ ស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះ ក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសក្នុងការបូជា ដោយភាពទទួលខុសត្រូវច្បាស់លាស់។

លោកបានបន្តថា ទីនេះគឺបូជាតែសពស្ត្រីម្នាក់នេះទេពេល ក្រោយបើមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ។ ពេលនេះបន្ទាប់ពីមាន ការតវ៉ា និងរារាំងពីប្រជាពលរដ្ឋ ដោយមិនឱ្យយកសពស្ត្រីដែលមានជំងឺកូវីដ១៩ យកមកបូជានៅទីនេះ លោកអភិបាលខេត្ត ក៏បានសម្រេចយកសពទៅបូជានៅកន្លែងផ្សេងវិញហើយ។

បញ្ជាក់ថា ស្រ្តីឈ្មោះ សូ ហៀង អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង បានស្លាប់ដោយមានវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយអាការៈរបស់គាត់ធ្ងន់ធ្ងរ ខណៈកូនប្រុសស្រី ២នាក់របស់គាត់ ក៏រកឃើញវិជ្ជមានកូវីដផងដែរ។ ពួកគេទាំង៣នាក់ បានធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើត ដោយសារតែមន្ទីរពេទ្យនៅភ្នំពេញ២កន្លែង ដែលពួកគេបានទៅរក មិនទទួលព្យាបាល៕