(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

* ទី១៖ ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករតាមរយៈ ENSO Forecast រួចមកឃើញថា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២១ បាតុភូត Neutral មាន៦០ភាគរយ, បាតុភូត El Nino មាន១០ភាគរយ និងបាតុភូត La Nina មាន៣០ភាគរយ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។

* ទី២៖ ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប៖

ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ ២០២១ នេះមកមានស្ថានភាពដូចខាងក្រោម៖

* ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០,៣៣ម៉ែត្រ
* ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០,៥០ ម៉ែត្រ
* ទន្លេមេគង្គ-កំពង់ចាម ចាប់ពីខែមករាដល់ចុងខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,២០ម៉ែត្រ ប៉ុន្តែមកដល់ខែមេសា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣២ម៉ែត្រ
* រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ចាប់ពីខែមករា ដល់ខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ១,០៤ម៉ែត្រ ប៉ុន្តែមកដល់ខែមេសា ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ
* ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណពី ០,១៨ម៉ែត្រ ទៅ១,៣៦ម៉ែត្រ។

ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២១នេះ នៅទន្លេមេគង្គផ្នែកខាងលើ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ រីឯទឹកនៅបឹងទន្លេសាប គឺទឹកនៅទាបជាងកម្រិតកម្ពស់មធ្យមច្រើនឆ្នាំ។

* ទី៣៖ ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២១៖

យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២១នេះ ទឹកអាចនឹងមានកម្ពស់ ៩,៣០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕