(ភ្នំពេញ)៖ អភិបាលរងខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាល នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុក លោក អាំង សេរីពិសិដ្ឋ និងលោក ប៊ុន សុភ័ក្ត អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនដល់បងប្អូនដែលកំពុងមានជីវភាពខ្វះខាតចំនួន ២សង្កាត់ ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដើមថ្កូវចំនួន ១៤៩គ្រួសារ និងសង្កាត់ទួលទំពូងទី២ ចំនួន១២៨គ្រួសារ សរុបចំនួន២៧៧គ្រួសារ។

ក្នុងឱកាសនេះ លោក លោកស្រីអភិបាលរងខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូនប្រកប ដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

ជាមួយគ្នាននេះ លោក លោកស្រីអភិបាលរងខណ្ឌ ក៏បានលើកឡើងពីការបិទខ្ទប់រាជធានីភ្នំពេញនេះ ដើម្បីកាត់ផ្តាច់ ចរន្តចម្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺទាមទាឲ្យមាន ការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតាដូចមុនវិញ។

ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះជារដូវក្ដៅផងនោះ លោក លោកស្រី អភិបាលរងខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់កុំមានការធ្វែសប្រហេសឱ្យសោះ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ពលរដ្ឋក្នុងសង្កាត់ទួលទំពូងទី២ ចំនួន១២៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងត្រីខ ១យួរ។ ដោយពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវចំនួន ១៤៩គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស និងត្រីខ ១យួរ៕