(ភ្នំពេញ)៖ ស្រីអូន សម្រស់ធម្មជាតិ និងស្វាមី បានផ្តល់ជំនួយមនុស្សធម៌ ជាស្បៀងបន្តបន្ទាប់ដល់ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតខ្លាំង ក្នុងអំឡុងអនុវត្តការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ដ៏កាចសាហាវមួយនេះ។

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី និងស្រីអូនសម្រស់ធម្មជាតិ បានបន្តផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងកងកម្លាំងប្រចាំគោលដៅក្នុងតំបន់ក្រហមសង្កាត់ស្ទឹងមានជ័យសរុបចំនួន ៥០០កញ្ចប់ ដែលចូលរួមចុះចែកផ្ទាល់ដោយ លោក ឡុង សត្យា ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកស្រីយឹម ឆៃលីន, អភិបាលខណ្ឌមានជ័យ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយអជ្ញាធរមានសមត្ថកិច្ច ដោយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ផង ដែរ។

ក្នុងនោះមួយគ្រួសារទទួលបានអំណាយ អង្ករ២០គីឡូក្រាម, មី១កេស (៣៣កញ្ចប់), ត្រីខ១យួរ(១០កំប៉ុង), ទឹកស៊ីអ៊ីវ១យួរ (៦ដប), ដើម្បីជាស្បៀងអាហារ ដោះស្រាយ ជីវភាពក្នុងអំឡុងពេលបិទខ្ទប់មួយរយៈនេះ។

ប្រជាពលរដ្ឋទទួលយកជំនួយដោយក្តីរីករាយ និងបានថ្លែងអំណរគុណដល់ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី និងស្រីអូន សម្រស់ធម្មជាតិ និងក្រុមគ្រួសារសម្រាប់ការជួយក្នុងគ្រាអាសន្នមួយនេះ។

លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន បានថ្លែងថាលោកស្រី និងក្រុមគ្រួសារ ក៏កំពុងរៀបចំស្បៀងបន្ថែម ទៀត សម្រាប់ ជួយដល់ប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត ដែលកំពុងជួបការខ្វះខាត ។

គួររម្លឹកផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែល លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី និងស្រីអូន សម្រស់ធម្មជាតិ និងគ្រួសារ ចូលរួមរំលែកទុក្ខរបស់រាជរដ្ឋាភិបាល ក្រោមការងារមនុស្សធម៌ជាបន្តបន្ទាប់ ដែលធ្វើឲ្យមហាជន មានការស្ងប់ស្ងែង៕