(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ៥ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ទីតាំងទាំង ៥ នោះ រួមមាន៖ ភូមិប៉ោយប៉ែត ១០០គ្រួសារ ភូមិក្បាលកោះ ១០០គ្រួសារ ភូមិបាលេលេយ្យ១ ចំនួន ១០០គ្រួសារ ភូមិបាលេលេយ្យ២ ចំនួន ១០០គ្រួសារ និងភូមិក្បាលស្ពាន១ ចំនួន ១០០គ្រួសារ។ អំណោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ។

លោកអភិបាលខេត្ត អ៊ុ រាត្រី បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងបន្តចែកជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើងនិន្នាការនយោបាយ បក្ខពួក ខេត្តនឹងធ្វើជាបន្តបន្ទាប់រាប់ពាន់ឃីត រាប់ពាន់គ្រួសារទៀត៕