(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត និងប្រកាសឲ្យអ្នកពាក់ព័ន្ធមកធ្វើតេស្តរកកូវីដ១៩។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ ឈ្មោះ ឃឹម សាវី ភេទស្រី អាស័យដ្ឋានភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកសំរាកព្យាបាលជំងឺនៅមន្ទីរសំរាកព្យាបាលសំពៅលូន (សេវា២៤ម៉ោង) ហើយត្រូវបានសង្ស័យថាឆ្លងជំងឺកូវីដ-១៩ ទើបយកសំណាក មកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងអំឡុងពេលពិនិត្យសំណាក ក្រុមគ្រួសារក៏បានដឹកចេញពីមន្ទីរសំរាកព្យាបាលសំពៅលូន (សេវា២៤ម៉ោង) យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានរយៈពេល១យប់ទើប ចេញលទ្ធផលថាមាន វិជ្ជមានជំងឺកូវីដ-១៩ ។ បច្ចុប្បន្នអ្នកជំងឺដែលឆ្លងវីរុសវីដ-១៩នេះ បានបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរួចហើយ ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ផ្តល់ព័ត៌មានមក អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់ចែង យកវត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ និងអនុវត្តវិធានការ សុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត៕