(សៀមរាប)៖ នាយប់ថ្ងៃទី៣ ខែឧសភានេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីករណីឆ្លងកូវីដថ្មីម្នាក់ទៀត ដែលឆ្លងពីអ្នកវិជ្ជមានមុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកវិជ្ជមានថ្មីនេះមាឈ្មោះ សួន សីហា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋានភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប។ ករណីនេះ គឺមានទំទាក់ទំនងជាមួយឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ ខែឧសភា ដោយបានចូលទៅកាន់មន្ទីរសម្រាកព្យាបាលខាងលើ ដើម្បីពិនិត្យសុខភាពកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ស្នើសុំដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬបានទៅកាន់មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕