(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការផ្អាកជាបណ្ដោះអាសន្នដំណើរការ អាជីវកម្មរោងចក្រ ចំនួន២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រោងចក្រដែលត្រូវផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ រួមមាន៖ រោងចក្រ ដាប់ប៊ែលយូអ៉ីជីស៉ី មេនូហ្វេកធើរីង និងរោងចក្រ ខេម អាយឃែរ។ ការផ្អាកនេះ ក្រោយរកឃើញថា កម្ម ករនៅរោងចក្រទាំងពីរនោះ មានវិជ្ជមានជំងឺកូវីដ១៩។

ក្នុងអំឡុងពេល៤ថ្ងៃនេះការផ្អាកអាជីវកម្មនេះ រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឲ្យនាយករោងចក្រ សហការជាមួយក្រុមការងារ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែករកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាក។

ចំពោះបុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រ ត្រូវផ្អាកការចេញ-ចូលរោងចក្រ ហើយនៅក្រោយពេលផ្ដល់វត្ថុសំណាក់រួចរាល់ ត្រូវសម្រាកនៅផ្ទះរង់ចាំរហូតដល់ការធ្វើវិភាគវត្ថុសំណាករបស់កម្មករនៅរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលផ្លូវការ ទើបអាចបន្ដការងារជាថ្មី តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕