(ភ្នំពេញ)៖ មន្ត្រីក្រសួងពាណិជ្ជកម្មចំនួន ៦,៤៦២នាក់ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយ។ ដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនមន្ត្រីក្រសួងពាណិជ្ជកម្ម បានបិទបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ជាមួយភាពល្អប្រសើរបំផុត។

ពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងសមាជិកសមាជិការនៃអនុគណកម្មការចំពោះកិច្ច ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ជាច្រើនរូបទៀត។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ សម្រាប់ក្រសួងពាណិជ្ជកម្ម បានធ្វើឡើងសម្រាប់ដូសទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងដូសទី២ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ការចាក់ដូសទី២នេះ នៅទីតាំងក្រសួងពាណិជ្ជកម្មនេះ មិនត្រឹមតែមន្ត្រីរាជការនោះទេ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានទៅចាក់នៅទីតាំងក្រសួងផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់មកចាក់ជូនមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាជាប្រទេសចំណាត់ថ្នាក់លេខ២នៅអាស៊ាន ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។

លោកបន្តថា លទ្ធផលនៃការចាក់វ៉ាក់សាំងដែលសម្រេចបាននេះ គឺជាលទ្ធផលកើតចេញពីការគិតគូរយ៉ាង់ម៉ត់ចត់ ក៏ដូចជានយោបាយការទូតដ៏ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន។ លោករដ្ឋមន្ត្រី បានលើកឡើងថា បើកគ្មានការគិតគូរច្បាស់ និងគ្មានការខិតខំរបស់សម្តេចតេជោ ច្បាស់នឹងគ្មានវត្តមានចាក់ជូនប្រជាពលរដ្ឋនោះឡើយ ព្រោះមនុស្សលើពិភពលោកកំពុងដណ្តើមវ៉ាក់សាំងគ្នា។

លោកឱកាសនោះលោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ មន្ត្រីរាជការក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងសមាជិកសមាជិការនៃអនុគណកម្មការចំពោះកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កន្លងមកនេះ ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ដើម្បីរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ៕