(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះវិបត្តិនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ពិសេសនារយៈពេលចុងក្រោយនេះ ចំនួននៃការរកឃើញករណីថ្មីៗដែលនាំចូលពីខេត្តដទៃ កើនឡើងជាបន្តបន្ទាប់។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋបាលខេត្តបានបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រួតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១២ នៃភូមិសាស្រ្តក្រុងសៀមរាប។

នាកិច្ចប្រជុំនារសៀលថ្ងៃទី៣ ខែឧសភា នៅសាលាខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្តបានសម្រេចបង្កើតក្រុមការងារតាមដាន-ត្រួតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ ចូលស្នាក់នៅក្នុងសង្កាត់ទាំង១២ ដែលជាកម្មវត្ថុនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។ ការសម្រេចបង្កើតនេះ ក៏ដោយសារខេត្តសៀមរាប មានករណីអ្នកវិជ្ជមានកូវីដម្នាក់ស្លាប់កាលពីម្សិលមិញ តែគ្រូពេទ្យអះអាងថា អ្នកជំងឺស្លាប់ដោយសារជំងឺប្រចាំកាយធ្ងន់ធ្ងរ មិនមែនដោយសារជំងឺកូវីដទេ។

 លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩បានចម្លងចូលមកពីខេត្តខាងក្រៅ ចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចូលមកពីខេត្តព្រះសីហនុ ដែលក្នុងនោះ ជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមក បានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា បើទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ដែលទាំងនេះ វាជាហេតុផល នៃការបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។

តាមការបញ្ជាក់ពីលោកអភិបាលរង ក្រុមការងារខាងលើង មានតួនាទី និងភារកិច្ចដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការនៃសេចក្ដីសម្រេច ចាត់វិធានការអនុវត្តតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាល ស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច និងមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឳវាទតាមការចាំបាច់ ដើម្បីបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួន តាមការប្រគល់ជូនរបស់ប្រធានក្រុមការងារ។

មន្ទីរ អង្គភាពនានាជុំវិញខេត្ត ត្រូវអនុវត្តការតាមដាន ត្រួតពិនិត្យ និងសហការជាមួយរដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាមវិធានសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ មកក្នុងភូមិសាស្ត្រក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ ជាគោលការណ៍នៃកិច្ចប្រជុំនោះ អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក៏ប៉ុន្តែនិងអាចមានករណីខ្លះ ស្ថិតក្នុងការពិចារណាត្រួតពិនិត្យ ដោយផ្អែកលើភាពសំខាន់និងចាំបាច់នៃបេសកកម្មអ្នកដំណើរ ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់សុខភាព និងមានការធានាខុសត្រូវ ដោយស្ថាប័នសាម៉ី ច្បាស់លាស់ ពិតប្រាកដ មានសុវត្ថិភាព មិនបង្ករឲ្យមានការចម្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ខេត្តសៀមរាបមានអ្នកជំងឺកូវីដ-១៩ ចំនួន៤៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់ ស្លាប់១នាក់ (ដោយសារជំងឺតម្រងនោមធ្ងន់ធ្ងរ) និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕