(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះរូបភាពនៃការរៀបចំពិធីបុណ្យខួប១ឆ្នាំនៃមរណភាពម្តាយក្មេករបស់សម្តេច ដែលបានរៀបចំឡើងយ៉ាងសាមញ្ញ ហើយមិនមានភ្ញៀវដទៃចូលរួម។

តាមរយៈ ការបង្ហោះរូបភាពនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណភាពម្តាយក្មេកខ្ញុំ កូនចៅរៀបចំបានបែបនេះ។ កូវីដ១៩ បានបំផ្លាញចោលអ្វីៗគ្រប់យ៉ាងរាប់ទាំងទំនៀមទម្លាប់រាប់រយរាប់ពាន់ឆ្នាំ លើពិភពលោកនេះ។ ខ្ញុំជាប់ធ្វើចត្តាឡីស័ក មិនអាចចូលរួម បានតែខ្ញុំនឹកដល់ម្តាយខ្ញុំណាស់»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអនុវត្តតាមវិធានការសុខាភិបាល ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់តាំងពីត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕