(សៀមរាប)៖ នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក មន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។

កញ្ញា ស្រីរ័ត្ន អាយុ២៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា នៅពេលបានមកទស្សនារមណីដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីដ្ឋានអង្គរ។
កញ្ញាបន្តទៀតថា តំបន់រមណីដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍ និងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។

ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលំហែរអារម្មណ៍នៅរមណីដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតង នៅពេលដែលអាជ្ញាធរជាតិអប្សរាបានកែលំអហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថា នៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយនៅសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ ៣កុំ និង ៣ការពារ ឱ្យបានជាប់ជាប្រចាំ។

ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទ គឺតម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធី QR Code ដើម្បីចូលរួមតាមដាន និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរ ឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕