(ភ្នំពេញ)៖ តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ បានសហការជាមួយកងទ័ពជើងគោកយ៉ាងល្អ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម។

ជាក់ស្តែងនៅថ្ងៃទី៣-៤ ខែឧសភា, អាជ្ញាធរបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងទ័ពជើងគោក និងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ គិតមកដល់ពេលនេះ ស្បៀងអាហារជាង ២០ម៉ឺនកញ្ចប់ហើយ ត្រូវបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី៣-៤ ខែឧសភា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះខណ្ឌមានជ័យចំនូន១៤៧០០គ្រួសារ, ខណ្ឌពោធិ៍សែនជ័យចំនួន១៣៧០០គ្រួសារ, ខណ្ឌសែនសុខចំនួន ១៣០០, ខណ្ឌព្រែកព្នៅចំនួន១០០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន២០០០គ្រួសារ, ខណ្ឌជ្រោយចង្វារចំនួន ១០០០គ្រួសារ, ខណ្ឌដូនពេញចំនួន៩០០គ្រួសារ, ខណ្ឌ៧មករាចំនួន១០០០គ្រួសារ, ខណ្ឌទួលគោកចំនួន៨០០គ្រួសារ, ខណ្ឌចំការមនចំនួន៦០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ, ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០។

គួរបញ្ជាក់ថា កងទ័ពជើងគោក ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕