(ភ្នំពេញ)៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុ បានថ្លែងថា អំឡុងពេលបិទខ្ទប់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តឲ្យអតិថិជន កុំបារម្ភខ្លាំងពេកពីរឿងបំណុល ដែលជំពាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រោះពេលនេះជាពេលត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពសិន និងជៀងវាងការចេញក្រៅមិនចាំបាច់ ដែលអាចបង្កឲ្យមានបញ្ហាប្រឈមចំពោះការឆ្លងរីករាយដាល់ជំងឺកូវីដ១៩។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសរបស់ទូរទស្សន៍ Fresh News ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ក្រោមប្រធានបទ «ការសម្រួលទុក្ខលំបាកពលរដ្ឋប្រើប្រាស់កម្ចីពីធនាគារ-មីក្រូហិរញ្ញាវត្ថុ ពេលបិទខ្ទប់»។

លោកបញ្ចាក់ថា ចំពោះបញ្ហារវាងអតិថិជន និងមីក្រូហិរញ្ញវត្ថុ ឬធនាគារ នៅពេលដែលការបិទខ្ទប់ត្រូវបានបញ្ចប់ គ្រឹះស្ថាននឹងធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរបស់អតិថិជន នឹងធ្វើការពិភាក្សាគ្នារកដំណោះស្រាយរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជន នៅតែអាចបន្តប្រកបរបបប្រចាំថ្ងៃរបស់ពួកគាត់បានជាធម្មតា។

លោកបញ្ជាក់ទៀតថា «អតិថិជនកុំមានការបារម្ភខ្លាំងពេក ដោយសារតែការបិទខ្ទប់នេះ វាបង្កផលប៉ះពាល់ច្រើនដល់អតិថិជនទាំងអស់ ដូច្នេះហើយគ្រឹះស្ថាននីមួយៗ មានការយោគយល់ខ្ពស់ទៅកាន់អតិថិជន។ ទន្ទឹមនឹងមានការយោគយល់គ្នានេះដែរ នៅពេលបញ្ចប់ការបិទខ្ទប់ហើយ ក៏សូមឲ្យអតិថិជនជម្រាបព័ត៌មានរបស់ខ្លួន ឲ្យបានគ្រប់គ្រាន់ទៅកាន់គ្រឹះស្ថាននីមួយៗ ដើម្បីឲ្យគ្រឹះស្ថានបានយល់ពីស្ថានភាពច្បាស់លាស់»

លោកបន្ថែមថា នៅរយៈពេលនៃការបិទខ្ទប់នេះ ប្រសិនបើមានអតិថិជន ដែលមានលទ្ធភាពគ្រប់គ្រាន់ សូមឲ្យអតិថិជនធ្វើការបង់តាមរយៈប្រព័ន្ធឌីជីថល ឬតាមប្រព័ន្ធផ្ទេរប្រាក់ ដែលពួកគាត់អាចធ្វើទៅបាន ហើយដាច់ខាត គឺលោកមិនលើកទឹកចិត្តឲ្យអតិថិជនចេញពីក្រៅផ្ទះនោះទេ។

លោកបន្តថា សម្រាប់អតិថិជនដែលមិនអាចប្រើប្រាស់ តាមប្រព័ន្ធឌីជីថលផ្ទេរប្រាក់នេះបាន សូមអតិថិជនជូនដំណឹងទៅកាន់គ្រឹះស្ថានក៏បាន ឬក៏អាចផ្អាកការបង់សងមួយរយៈសិន រង់ចាំពេលបិទខ្ទប់ត្រូវបានបញ្ចប់ សឹមបង់សងត្រឡប់មកវិញ។

លោកក៏បានរំលឹកថា ចំពោះការស្នើឲ្យអិតិថិជន ដែលមានលទ្ធភាពសង គឺនៅតែបន្តជាធម្មតា ដោយសារតែគ្រឹះស្ថានខ្លួនឯងជាវិស័យឯកជនមួយ ដែលរងផលប៉ះពាល់នៃការកើនឡើង នូវផ្នែកប្រតិបត្តិការ ក៏ដូចជាធ្លាក់ចុះផ្នែកប្រាក់ចំណូល ប៉ុន្ដែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនត្រឹមតែព្យាយាមទប់ខ្លួនឯង ការពារបុគ្គលិក ឬអតិថិជនខ្លួនឯងប៉ុណ្ណោះទេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺត្រូវខំប្រមូលធនធានដែលខ្លួនមាន ដើម្បីទៅជួយដល់អ្នកដែលរងផលប៉ះពាល់កម្រិតធ្ងន់ធ្ងរ និងកម្រិតមធ្យមផងដែរ៕