(ពោធិ៍សាត់)៖ កម្លាំងផែនការងារនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងរថយន្ត HYUNDAI មួយគ្រឿង ដឹកឈើប្រណិតប្រភេទធ្នង់ល្មើសច្បាប់ ចំនួន៦៤ដុំ ប្រគល់ឱ្យសមត្ថកិច្ចជំនាញ ចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦៖៤០នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ មាស ប៊ុនធឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅមុនពេលឃាត់រថយន្តដឹកបទល្មើសនេះ យើងបានទទួលព័ត៌មាន និងបានសុំគោលការណ៍ថ្នាក់លើ ធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាក់HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-5240 ដឹកឈើ (ប្រភេទឈើធ្នង់) ចំនួន៦៤ដុំ ស្មើនឹង៨៦០គីឡូក្រាម រួមទាំងជនសង្ស័យ២នាក់ ដែលក្នុងនោះតៃកុងរថយន្តម្នាក់ឈ្មោះ ក្រិល សេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងព្រូរថយន្តម្នាក់ទៀតឈ្មោះ គិត សុខមាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំពោះជនសង្ស័យ និងរថយន្ត រួមទាំងវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី របស់រដ្ឋបាលព្រៃឈើ៕