(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក វណ្ណៈ សោភានិត អភិបាលប្រាសាទបល្ល័ង្ក រួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ផ្ទះថ្មីជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះ យ៉ាត មឿន រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនដែលបានចូលរួមនាឱកាសនេះថា សម្ដេចតេជោ ហ៊ុន សែន ជាអតីតយុទ្ធជនដ៏អង់អាចក្លាហានក្នុងការប្រយុទ្ធក្នុងសមរភូមិ និងជាស្ថាបនិកមគ្គុទេសឯកនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញជូនដល់ព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មិនដែលបានភ្លេចពីគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ និងថវិកាមួយចំនួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនពលីដែលទើបទទួលបានផ្ទះថ្មីនេះផងដែរ។

គ្រួសាអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលបានចូលរួមបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ និងគាំទ្រដឹកនាំនាវាកម្ពុជាបន្តទៀត។

គួរបញ្ជាក់ថា គ្រួសារអតីតយុទ្ធជន ឈ្មោះ យ៉ាត មឿន អាយុ៦១ឆ្នាំ កូនចំនួន ២ នាក់ នៅក្នុងបន្ទុកជាភរិយារបស់អតីតយុទ្ធជនឈ្មោះ សាយ សៀន ដែលបាន ពលីជីវិត ក្នុងសមរភូមិនៅតំបន់ភ្នំវល្លិ៍ខេត្តកំពត។

ផ្ទះថ្មីដែលបានសាងសង់រួចនេះមានទំហំ ៤ម៉ែត្រ X ៦ម៉ែត្រ សសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ជាផ្ទះទី១៨៩ដេលបានផ្តល់ជួនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ៕