(ភ្នំពេញ)៖ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង UN និងជាប្រធាន UNESCAP បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះសុន្ទរកថា ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់ជាត្រីវិស័យ ជួយដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេង ក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី៧៧ របស់ UNESCAP ទទួលបានលទ្ធផលជោគជ័យ។

លោកស្រី បានថ្លែងថា «ទោះបីជាស្ថានការណ៍ នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឲ្យយើងធ្វើការប្រជុំ តាមរយៈប្រព័ន្ធវីដេអូក៏ដោយ អង្គសន្និបាតបានដំណើរការទៅយ៉ាងល្អ និងបានអនុម័តលើសេចក្តីសម្រេចមួយ ស្តីពី «ការស្តារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ភាពធន់និងរឹងមាំ របស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនាពេលអនាគត។

លោកស្រី Armida Salsiah Alisjahbana បានបន្ដថា «ការសម្រេចចិត្តរបស់សន្និបាតទាំងមូល ក៏ជាមូលដ្ឋានដ៏រឹងមាំមួយទៀត ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ននៅក្នុងតំបន់»

ជាមួយគ្នានេះ លោកស្រី Armida Salsiah Alisjahbana រង់ចាំស្វាគមន៍ដោយរីករាយ ចំពោះការចូលរួមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និបាតលើកក្រោយៗទៀត ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅអាស៊ី និងប៉ាស៊ីហ្វិក៕