(ភ្នំពេញ)៖ មើលឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានយកទម្រង់បែបបទចុះឈ្មោះសុំចាក់វ៉ាក់សាំងទៅថតចម្លង ដើម្បីចែកគ្នាប្រើប្រាស់ទៅចាក់វ៉ាក់សាំងនោះ អាជ្ញាធរបានចេញមកបញ្ជាក់ថា ការធ្វើបែបនេះមិនត្រឹមត្រូវ នោះឡើយ ពោលមិនអនុញ្ញាតឲ្យប្រើប្រាស់ បែបបទថតចម្លងនោះទេ ដោយប្រជាពលរដ្ឋត្រូវទៅសុំច្បាប់ដើមពីទីតាំងចាក់សាំង ឬពីអាជ្ញាធរមូលដ្ឋាន។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទម្រង់បែបបទសុំចុះឈ្មោះចាក់វ៉ាក់សាំងនេះ ត្រូវបានជនមួយចំនួន យកទៅថតចម្លងដើម្បីធ្វើអាជីវកម្មស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន ផ្ទុយទៅនឹងគោលការណ៍ ដែលក្រុមការងារក្រសួងការពារជាតិ អគ្គបញ្ជាការ បានឯកភាពដូចមានណែនាំជាបន្តបន្ទាប់រួចហើយ។

រដ្ឋបាលខណ្ឌកំបូល បានអះអាងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រមទាំងទម្រង់បែបបទសុំចុះឈ្មោះចាក់វ៉ាក់សាំងច្បាប់ដើម គឺធ្វើឡើងដោយមិនគិតថ្លៃ និងសូមបដិសេធការប្រើប្រាស់ទម្រង់ថតចម្លង តាមគ្រប់រូបភាពទាំងអស់។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌកំបូល សូមអំពាវនាវដល់ជនទាំងឡាយណាដែលកំពុងប្រកបអាជីវកម្មថតចម្លងឯកសារហាមឃាត់ខាងលើ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងសូមឲ្យកំលាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីស្រាវជ្រាវ នាំខ្លួនជនទាំងឡាយណាដែលបន្តថតចម្លង ទម្រង់បែបបទស្នើសុំចាក់វ៉ាក់សាំងរបស់ក្រុមការងារចាក់វ៉ាក់សាំង អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

រដ្ឋបាលខណ្ឌកំបូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តតាមផែនការ ចាក់វ៉ាក់សាំងរបស់ក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំង តាមភូមិនីមួយៗ ទៅតាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដែលរដ្ឋបាលខណ្ឌបានផ្សព្វផ្សាយជូនតាមសង្កាត់ និងភូមិទាំង ៩៣ ភូមិរួចហើយ និងបន្តចូលរួមអនុវត្តន៍វិធានការណែនាំនានារបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ឲ្យសម្រេចបានជោគជ័យក្នុងពេលដ៏ឆាប់។

សូមជម្រាបថា អនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់ លោក យូង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បច្ចុប្បន្នរដ្ឋបាលខណ្ឌកំបូល កំពុងសហការយ៉ាងជិតស្និទជាមួយក្រុមការងារគ្រូពេទ្យ កងឯកភាពចំណុះ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដើម្បីអនុវត្តន៍បទបញ្ជាដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ឲ្យបានគ្រប់ៗគ្នា ស្របតាមផែនការដែលបានកំណត់៕