(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើកំណត់ហេតុករណីអភិបាលស្រុកសាមគ្គីមានជ័យ ដែលបាញ់គោ ១ក្បាលងាប់ រាយការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីសុំមតិដឹកនាំបន្ត។ នេះបើតាមសេចក្តីបញ្ជាក់របស់អ្នកនាំពាក្យ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការធ្វើកំណត់ហេតុខាងលើបញ្ជូនទៅក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្តាញសារព័ត៌មានសង្គមជាច្រើន បានចុះផ្សាយពីករណីមានគោងាប់ ០១ក្បាល នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល មានករណីគោងាប់ ០១ក្បាល នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ដែលសត្វគោនេះម្ចាស់បានលែង ហើយបានចូលមកស៉ីបេះបោច ក្នុងបរិវេណសាលាស្រុក។ សមត្ថកិច្ចបានចុះពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗ ឃើញករណីគោងាប់នេះ ដោយត្រូវគ្រាប់កាំភ្លើងចំក្បាល។

អ្នកនាំពាក្យបន្តថា យោងតាមរបាយការណ៍របស់រដ្ឋបាល ស្រុកសាមគ្គីមានជ័យ និងការស្រាវជ្រាវធ្វើកោសល្យវិច្ច័យរបស់កម្លាំងសមត្ថកិច្ច សត្វគោនេះស្លាប់ដោយលោក វិន ស៉ីថា អភិបាលស្រុក បានបាញ់សាកកាំភ្លើងដោយបាញ់ បុកដីបណ្តាលឱ្យគ្រាប់ផ្លាតទៅត្រូវ។ ចំពោះអាវុធដែលបាញ់សាកនេះ ជាអាវុធដែលមានភារកិច្ចសម្រាប់រក្សាសន្តិសុខ សុវត្ថិភាពសាលាស្រុករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ។

ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចាត់វិធានការពិនិត្យ និងដោះស្រាយជាបឋមមាន ចំនួន៤ចំណុច ដូចខាងក្រោម៖

១៖ ចាត់ឱ្យក្រុមការងារធ្វើការស្រាវជ្រាវរកម្ចាស់គោ ហើយបានសម្របសម្រួលផ្តល់ជាសំណងចំនួន ៤ ០០០ ០០០រៀល។ ព្រមជាមួយនោះ ចាត់ឱ្យក្រុមការងារធ្វើការអប់រំណែនាំម្ចាស់គោឱ្យមានការប្រុងប្រយ័ត្នក្នុងការចិញ្ចឹម ថែរក្សាសត្វពាហនៈឱ្យបានត្រឹមត្រូវ ឈប់លែងចោលពាសវាលពាសកាលដើរស៉ី និងបំផ្លាញផលដំណាំរបស់អ្នកដទៃ ក៏ដូចជាសម្បត្តិសាធារណៈដែលនាំឱ្យកើតមានទំនាស់ដោយប្រការណាមួយ និងអាចប៉ះពាល់ការធ្វើចរាចរណ៍តាមផ្លូវថ្នល់បណ្តាល ឱ្យកើតមានគ្រោះថ្នាក់ផងដែរ។

២៖ រដ្ឋបាលខេត្ត បានចាត់តាំងកម្លាំងសមត្ថកិច្ចនគរបាលចុះបំពេញកំណត់ហេតុស្របតាមនីតិវិធី និងដកហូតអាវុធមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្តោះអាសន្ន។

៣៖ រដ្ឋបាលខេត្តចាត់តាំងក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត កោះហៅលោក វិន ស៉ីថា អភិបាលស្រុកសាមគ្គីមានជ័យ មកសាកសួរផ្ទាល់ និងតម្រូវឱ្យសាមីខ្លួនធ្វើស្វ័យរបាយការណ៍អំពីហេតុការណ៍ដែលខ្លួនបានប្រព្រឹត្តផងដែរ។ ទន្ទឹមនោះ រដ្ឋបាលខេត្តបានស្តីបន្ទោសអប់រំណែនាំឱ្យសាមីខ្លួនដឹងពីកំហុស និងទទួលយកការកែប្រែកំហុសរបស់ខ្លួន ស្របតាមចំណុចខ្លះក្នុងមាត្រា៤០ និង៤១ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

៤៖ រដ្ឋបាលខេត្តបានរៀបចំធ្វើកំណត់ហេតុរាយការណ៍ គោរពជូនក្រសួងមហាផ្ទៃ និងដើម្បីគោរពសុំមតិដឹកនាំបន្ត៕