(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានស្នើឱ្យអាជ្ញាធរនៅតាមមូលដ្ឋានជួយបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយក្រុមការងារចាក់វ៉ាក់សាំង ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនៅតំបន់ក្រហមឱ្យសម្រេចតាមផែនការគ្រោងទុក។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនៅក្នុងតំបន់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិនៅតំបន់ក្រហម បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហមរយៈពេល៤ថ្ងៃនេះ បានដំណើរការទៅមុខក្នុងស្ថានភាពមួយល្អប្រសើរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា រយៈពេល៤ថ្ងៃ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ ចាក់បានជាង ១០ម៉ឺននាក់ហើយ ហើយការចាក់បានកើនឡើងជាបន្តបន្ទាប់។ កំណើននៃការចាក់នេះ ដោយសារមានការបង្កើនទីតាំងចាក់រហូតដល់ ៥៤គោលដៅ និងបង្កើនកម្លាំងចាក់បន្ថែមទៀតផងដែរ។ ក្នុងនោះ គោលដៅចាក់ខ្លះ អ្នកចាក់កន់ឡើងដល់៨នាក់ និង ១០នាក់ជាដើម។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាល្អ ក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ និងជួយសម្រួលដល់ដំណើរការចាក់នេះឱ្យបានឆាប់រហ័ស។

បើទោះបីជាយ៉ាងណា ក៏មានបញ្ហាមួយចំនួន ដែលត្រូវរៀបចំកែសម្រួលបន្ត។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតំបន់ខ្លះក្រុមការងារចាក់វ៉ាក់សាំង បានផ្តល់បណ្ណព័ត៌មានចាក់វ៉ាក់សាំងទៅច្រើន តែពលរដ្ឋមកដោយមិនមានបណ្ណទៅវិញ។

លោក ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «ចំណុចដែលយើងត្រូវបន្តសហការ គឺរវាងក្រុមអ្នកចាក់ និងអាជ្ញាធរដែនដី។ កន្លែងខ្លះធ្វើល្អណាស់ សហការគ្នាល្អប្រជាពលរដ្ឋមកចាក់សស្រាក់សស្រាំ កន្លែងខ្លះដូចជាមានភាពរអាក់រអួលបន្តិច ដោយសារយើងចែកបណ្ណទៅ ២ពាន់ ឃើញមកវិញតែ៥០០នាក់។ ប៉ុន្តែដល់កន្លែងចាក់ប្រជាជនអត់បណ្ណហ្នឹងវាច្រើនដែរ អ៊ីចឹងយើងកំពុងសហការគ្នាកែសម្រួលកន្លែងហ្នឹងធ្វើយ៉ាងម៉េចឱ្យល្អ»

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។

ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនសរុប ៥២៥,៤៣៩ម៉ឺននាក់។

រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងនៅតំបន់ក្រហមចំនួន៤ខណ្ឌនេះ ឱ្យរួចរាល់ក្នុងរយៈពេលត្រឹម១ខែទាំងដូសទី១ និងដូសទី២។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបង្ហាញការប្តេជ្ញាចិត្តរបស់កងទ័ពថា នឹងប្រឹងប្រែងពន្លឿនការចាក់នេះ ធ្វើយ៉ាងណាឱ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុក៕