(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត (ផ្នែកសង្គ្រោះបន្ទាន់) នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភានេះ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីអ្នកជំងឺសម្រាកពេទ្យចំនួន ០១នាក់ ដែលបានបញ្ជូន មកពីមណ្ឌលសុខភាពបឹងកន្ទួត ចូលមកសម្រាកពេទ្យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៣៖២០នាទី ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត (ផ្នែកសង្គ្រោះបន្ទាន់) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ជាមួយនឹងការធ្វើតេស្តរហ័ស (Rapid Test) ឃើញវិជ្ជមានកូវីដ-១៩។ ក្រោយពីយកវត្ថុសំណាក ដើម្បីធ្វើតេស្តបញ្ជាក់ជាលើកទី២ ពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឃើញថាអ្នកជំងឺអវិជ្ជមានកូវីដ-១៩ និងមិនជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ឡើយ»។

ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងខេត្តពោធិ៍សាត់។

បន្ថែមពីនេះ មន្ទីរសុខាភិបាលលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ «៣ការពារ ៣កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕