(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអនុប្រធានសមាជិកសមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ចុះប្រគល់មី និងទឹកសុទ្ធដល់អនុសាខាក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានាន ក្នុងដំណាក់កាលការរាតត្បាតនៃជំងឺកូវីដ១៩។

លោក ជា សុមេធី បានផ្តាំផ្ញើការនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អនុសាខា ក្រុង ស្រុកទាំងអស់ នៃខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកក៏បានជំរុញដល់អនុសាខាទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ អប់រំ ផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋដែលចំណាកស្រុក ហើយវិលត្រឡប់មកស្រុកកំណើតវិញ សូមឱ្យចូលរួមទាំងអស់គ្នាតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជា សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

លោក ជា សុមេធី ក៏បានផ្តាំផ្ញើបន្ថែមដល់អនុសាខាកាកបាទក្រហមស្រុក ធ្វើការផ្សព្វផ្សាយបន្តជូនដល់ក្រុមគ្រួសារអ្នកធ្វើចត្តាឡីស័ក ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ទម្លាប់អនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ជែល ហើយត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្ត «៣កុំ និង៣ការពារ» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា ចំពោះសម្ភារដែលបានផ្ដល់ជូនដល់អនុសាខា ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័ក ក្នុងដំណាក់កាលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលធ្វើនៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ហើយស្រុកដទៃទៀត នឹងធ្វើជាបន្តបន្ទាប់ ក្នុងនោះមួយអនុសាខាទទួលបានមីយើង ៣០កេស ទឹកសុទ្ធបាភ្នំចំនួន ១០០កេសផងដែរ៕