(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកវិជ្ជមានកូវីដ១៩ ទើបរកឃើញថ្មីនេះ មានឈ្មោះ ណាវ សុខ ភេទស្រី អាយុ ៤៥ឆ្នាំ អាសយដ្ឋានភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ អ្នកវិជ្ជមានកូវីដ១៩រូបនេះ ជាអ្នកជំងឺដែលចូលសម្រាកព្យាបាល និងជាករណីមានទំនាក់ទំនងជាមួយ លោក ស៊ាន គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងបានមរណភាព កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានថ្មី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១នាក់ផងដែរ មានឈ្មោះ ឃាង លក្ខណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

រដ្ឋបាលខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៥នាក់។ ព្យាបាលជាសះស្បើយ ១៧នាក់ ស្លាប់ ១នាក់ និង ៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលខេត្តសៀមរាប ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕