(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ អធ្យាស្រ័យយោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវនេះរបស់លោក សុខ លូ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងពិធីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ លោក សុខ លូ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវទឹកចិត្តក្តីអាណិតស្រឡាញ់ជូនចំពោះពុកម៉ែបងប្អូន គ្រប់ពេលវេលា និងនៅជាមួយគ្នាគ្រប់កាលៈទេសៈ។

អភិបាលខេត្តបានបន្ថែមទៀតថា «ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំ ផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែ មិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន»

ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ លោក សុខ លូ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំកំពុងបំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ បាយក៏មិនត្រង់មាត់ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដែលជាបេសកកម្មដ៏ធំធេង ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋ៕